សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យជាឧក្រិដ្ឋជនបង្ខាំងមនុស្សជំរិតទារប្រាក់ជនជាតិចិនដូចគ្នាទៅតុលាការ

ដោយ៖រតនា
ព្រះសីហនុ៖កម្លាំងនគរបាលខេត្តព្រះសីហនុនឹងបញ្ជូនជនសង្ស័យជាឧក្រិដ្ឋជន ជនជាតិចិន២នាក់ ដែលបានប្រើអាវុធចាប់បង្ខាំងមនុស្សធ្វើទារុណកម្មជំរិតទារប្រាក់ទៅតុលាការក្រោយពីចាប់បានពេលថ្មីៗនេះ។


លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅម្តុំអូរពីរ (ផ្លូវចាក់សំរាម) ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុមាន ជនជាតិចិនម្នាក់ដៃទាំងពីរ ជាប់ខ្នោះនៅកមានជាប់ឧបករណ៍ឆក់ ព្រមទាំងមានកន្សែងចងជាប់នឹងកព្រមទាំងកជើងខាងស្តាំ មានជាប់ខ្សែរិតពណ៌ស ហើយមានរបួសទាំងសងខាងដើរតាមផ្លូវ។


លោកបានបញ្ជាក់ថា បន្ទាប់មកកម្លាំងជំនាញបានចុះដល់ទីតាំងកើតហេតុខាងលើ និងបាននាំជនរងគ្រោះ ជាជនជាតិចិន ម្នាក់នោះព្រមទាំងវត្តុតាំងមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីចាត់ការ ស្វែងរកក្រុមឧក្រិដ្ឋជន។ចំណាប់ខ្មាំងនោះ ឈ្មោះ Huang Qiang ភេទប្រុស អាយុ៣៦ឆ្នាំ ជាជនជាតិចិន បច្ចុប្បន្នស្នាក់នៅម្តុំវិកតូរី សង្កាត់៣ ក្រុងព្រះសីហនុ។


ក្រោយមកកម្លាំងជំនាញបានចុះស្រាវស្រាវជ្រាវរកឃើញរថយន្ត១គ្រឿងម៉ាកតូយ៉ូតា អាល់ផាត ពណ៌ស ផ្លាកលេខភ្នំពេញ2J-7518 ដែលក្រុមជនសង្ស័យយកទៅទុកចោលនៅចំណតរថយន្តរបស់​អគារឌីស៊ីវីយូស រួចគេចខ្លួន ។

លុះដល់ព្រឹក​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញក៏បានឃាត់ខ្លួនជនសង្ស័យ២នាក់ និងរថយន្តម៉ាកតូយ៉ូតា អាល់ផាត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2J-7518 យកមក​ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំជនស្ស័យទាំង២រួចបន្តទៅឆែកឆេរនៅផ្ទះរបស់​ជនសង្ស័យដែល នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បានរកឃើញគ្រាប់កាំភ្លើង ចំនួន ១គ្រាប់ ផ្លាកលេខរថយន្តខេមរភូមិន្ទ02 2-1099ចំនួន២បន្ទះ និង សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួ រួចបន្តឆែកឆេរផ្ទះវិឡា១កន្លែង នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ រកឃើញ ផ្លាកលេខ កាត់ខូចទ្រង់ទ្រាយ និង ម្សៅក្រាមពណ៌ស សង្ស័យជាសាធាតុញៀន និងគ្រាប់ថ្នាំពណ៌ផ្កាឈូក មួយចំនួន។ ចំពោះម្សៅក្រាមពណ៌ស សង្ស័យជាសាធាតុញៀន ទាំងអស់ត្រូវបានប្រគល់ជូន ផែនប្រឆាំងគ្រឿងញៀនដើម្បីបន្តនីតិវិធី។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុនិងស្នើសុំបើកការស៊ើបអង្កេតករណីនេះដោយសហការជាមួយជំនាញពាក់ ពន្ធ័ ស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យដែលនៅសល់ហើយកំពុងតែរត់គេចខ្លួនដើម្បីយកមក ផ្ដន្ទាទោសតាមច្បាប់៕