សន្ដិសុខសង្គម

តំណាងអយ្យការកំពុងចាត់ការបន្តរឿងប្រធានក្រុមហ៊ុនពិភពដីមាសនិងបក្ខពួក១៣នាក់

ដោយ៖រតនា

ភ្នំពេញ៖ថៅកែក្រុមហ៊ុនពិភពដីមាសនិងបក្ខពួក១៣នាក់ទៀតនៅព្រឹកថ្ងៃទី៩ខែសីហា ឆ្នាំ២០២៣នេះ គឺកំពុងតែស្ថិតក្នុងចំណាត់ការរបស់តំណាងអយ្យការអមសាលាដំបូងភ្នំពេញបើកការស៊ើបសួរបន្ត។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងនគរបាលរាជធានីភ្នំពេញបានចុះអនុវត្តដីកា ដោយបានចាប់ខ្លួនឧកញ៉ា ហ៊ី គឹមហុង  អាយុ៤១ឆ្នាំ ជាប្រធានក្រុមហ៊ុនពិភពដីមាសនិងអង្គរក្សចំនួន១៣នាក់ នៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនៅរសៀលថ្ងៃទី៧ សីហា ឆ្នាំ២០២៣។

នៅពេលចុះចាប់ខ្លួនសមត្ថកិច្ចបានឈានដល់ការផ្ទុះអាវុធជាច្រើនគ្រាប់និងមានវាយខ្នោះបង្កឲ្យមានការភ្ញាក់ផ្អើល។បន្ទាប់មកសមត្ថកិច្ចក៏បានបញ្ជូនពួកគេទៅសាកសួរតាមនីតិវិធីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នៅរសៀលថ្ងៃទី៨ ខែសីហា កម្លាំងនគរបាលរាជធានីភ្នំពេញក៏បានបញ្ជូនថៅកែក្រុមហ៊ុនពិភពដីមាសនិងអ្នកជាប់ពាក់ព័ន្ធចំនួន១៣នាក់ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមច្បាប់។ ដោយសារជនសង្ស័យមានចំនួនច្រើនតំណាងអយ្យការក៏បានបន្តចំណាត់ការរបស់ខ្លួនរហូតដល់ព្រឹកថ្ងៃទី៩ ខែសីហានេះទៀត។

សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួននេះគឺពាក់ព័ន្ធទៅនឹងបណ្តឹងរបស់ប្រជាពលរដ្ឋ១៨គ្រួសារដោយចោទថា ប្រធានក្រុមហ៊ុនពិភពដីមាសបានប្រើវិធីសាស្រ្តឆបោកពួកគាត់មានទឹកប្រាក់រហូតដល់ជិត៤០ម៉ឺនដុល្លារ។បន្ទាប់ពិចាប់ខ្លួនក៏មានពលរដ្ឋជាង១០០គ្រួសារបានដាក់ពាក្យបណ្តឹងពីក្រុមហ៊ុនពិភពដីមាសបន្ថែមទៀត។

អ្នកដាក់ពាក្យបណ្តឹងចុងក្រោយនេះមានអ្នកខ្លះបានចោទប្រកាន់ថាក្រុមហ៊ុនបានបញ្ចុះបញ្ចូលប្រើល្បិចបោកប្រាស់​ ដោយឲ្យប្រជាពលរដ្ឋយកប្លង់ដីឬផ្ទះខ្លួនឯងទៅដាក់នៅធនាគារយកលុយមកចូលរួមទិញដីជាមួយក្រុមហ៊ុនពិភដីមាសហើយរង់ចាំទទួលបានភាគលាភប្រចាំខែ ពី៤៥០ដុល្លារ ទៅ៧៥០ដុល្លារ ក្នុង០១ខែតែជាក់ស្តែងអត់ឃើញភាគលាភក៏កើតមានការប្តឹងផ្តល់នេះឡើង។

សមត្ថកិច្ចបានឲ្យដឹងថា​ ប្រធានក្រុមហ៊ុនពិភពដីមាសបានប្រាប់ថា កន្លងមកក្រុមហ៊ុនបានបង់ប្រាក់ឱ្យប្រជាពលរដ្ឋបានមួយចំនួនហើយដែរ។ ប៉ុន្តែដោយបញ្ហាកត្តាសេដ្ឋកិច្ចធ្លាក់ចុះក្រុមហ៊ុនក៏បានខកខានមិនបានបង់ប្រាក់ជូនប្រជាពលរដ្ឋទៅតាមកិច្ចសន្យា ហើយលោកសន្យាថានឹងដោះស្រាយឱ្យរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ប៉ុន្តែនៅក្នុងករណីដែលលោកមិនត្រូវបានជាប់ពន្ធនាគារ៕