សន្ដិសុខសង្គម

ចុះស្វែងរកមូលហេតុនៃការស្លាប់សត្វក្របីនៅក្នុងទឹកចំនួន២០ក្បាលនៅស្រុកជើងព្រៃ

ដោយ៖គង់ហេង
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមដឹកនាំដោយលោក ហាន កុសល ជាអភិបាលរងខេត្តនេះ នៅថ្ងៃទី ៧ សីហា ម្សិលមិញ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងហ្វូងសត្វក្របីលែងឱ្យស៊ីស្មៅចំនួនជាង ៣០០ ក្បាលផ្អើលហែងរត់ជាន់គ្នាបណ្តាលឱ្យងាប់ចំនួន ២០ ក្បាលនៅក្នុងទឹកបឹង ជាប់ព្រំប្រទល់រវាងស្រុកជើងព្រៃ និងស្រុកកងមាស។

​​
មន្រ្តីរដ្ឋបាលស្រុកជើងព្រៃបានបញ្ជាក់ថា៖ ជាលទ្ធផលក្រុមការងារបានសន្និដ្ឋានថា ដោយសារការផ្អើលចុះទឹករត់ប្រសេចប្រសាច និងគ្មានការមើលខុសត្រូវរបស់ម្ចាស់ក្របី ធ្វើឱ្យពួកវារត់ចុះទឹកជាន់គ្នាជាបន្តបន្ទាប់, សត្វក្របីភាគច្រើនដែលងាប់នោះ គឺជើងរបស់វាជាប់នឹងវល្លិ​បណ្តាលឱ្យហែលលែងរួចឈ្លក់ទឹកលង់ងាប់តែម្តង។


ប្រភពនោះបានបញ្ជាក់ទៀតថាៈ ដូច្នេះទឹកទន្លេមេគង្គមិនមែនជាមូលហេតុ នៃការពុលងាប់ដល់សត្វក្របី​ទាំងនោះទេ ដោយសារសត្វពាហនៈផ្សេងទៀតមិនរងផលប៉ះពាល់ឡើយ និងក៏គ្មានការបង្កឡើងពីជំងឺអ្វី​នោះទេ។


សូមបញ្ជាក់ថា តាំងពីកើតហេតុសត្វក្របីដែលប្រជាពលរដ្ឋលែងឱ្យដើរស៊ីផ្អើលហែល រត់ជាន់គ្នាកាលពីល្ងាចថ្ងៃទី ៦ សីហា ក្នុងភូមិសាស្រ្តវាលស្រែប្រាំងរវាងស្រុកជើងព្រៃ និងស្រុកកងមាស មកដល់ពេលបានរកឃើញសត្វក្របីងាប់ចំនួន ២០ ក្បាលៈ ជារបស់ប្រជាពលរដ្ឋភូមិចាំនាងចំនួន បួន ក្បាល,ភូមិផ្តៅជុំកើតចំនួន ១៥ ក្បាល និងរបស់ប្រជាពលរដ្ឋភូមិឈើទាលចំនួន មួយ ក្បាល ក្នុងចំណោមក្របីសរុបចំនួន ៣៤៨ ក្បាល ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ៕