ព័ត៌មានជាតិ

សម្រស់ថ្ងៃរះនៅអង្គរវត្តនៅតែជាមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរ

ដោយ៖រតនា
សៀមរាប៖ សម្រស់ថ្ងៃរះ នាពេលព្រឹកព្រលឹមនៅតែទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យចូលទៅទស្សនានៅក្នុងបរិវេណប្រាសាទអង្គរវត្តឥតដាច់ជារៀងរាល់ថ្ងៃ។


បើទោះបីជាបច្ចុប្បន្ននេះ ចំនួនភ្ញៀវទេសចរបានថយចុះបន្តិច ក្នុងការចូលទៅទស្សនាតំបន់ រមណីយដ្ឋានអង្គរក៏ដោយ ក៏ប៉ុន្តែសម្រស់ថ្ងៃរះ នាពេលអរុណោទ័យ នៅប្រាសាទអង្គរវត្ត នៅតែជាមន្តស្នេហ៍ ទាក់ទាញធ្វើឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ មិនអាចបំភ្លេចនិងខកខានចូលទៅទស្សនាបានឡើយ។


ជារៀងរាល់ព្រឹក នៅតែមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចំនួនរាប់រយនាក់ តែងនាំគ្នាចូលទៅទស្សនា និងថតយករូបភាពអនុស្សាវរីយ៍ពេលថ្ងៃរះ នៅប្រាសាទអង្គរវត្ត អំពីសម្រស់ដ៏ត្រកាលនេះ មិនដែលអាក់ខានទេ។


គោលដៅមួយចំនួនដែលកំពុងក្លាយជាមន្តស្នេហ៍ ទាក់ទាញអ្នកទេសចរជាតិនិងអន្តរជាតិ ឱ្យចង់គយគន់និងថតយករូបភាព មិនអាចខកខាននាពេលបច្ចុប្បន្ននេះ គឺសម្រស់ប្រាសាទ អង្គរវត្តនៅពេលថ្ងៃរះ នាព្រឹកព្រលឹម ទី២គឺទិដ្ឋភាពពេលថ្ងៃរះ នៅស្រះស្រង់មុខប្រាសាទបន្ទាយក្តី និងពេលថ្ងៃរៀបលិច នៅលើកំពូលប្រាសាទភ្នំបាខែង៕