សន្ដិសុខសង្គម

ផ្អាកសកម្មភាពរោងចក្រPhoenix Industrialដោយសារលេចធ្លាយទឹកកខ្វក់ចូលក្នុងស្ទឹងសង្កែ

ដោយ៖រតនា
ភ្នំពេញ៖ ក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនិវានុវត្តន៍ សម្រេចផ្អាកដំណើរការរោងចក្រ Phoenix Industrial ជារបស់ក្រុមហ៊ុនចិន​បន្ទាប់ពីបានរកឃើញមានទឹកកខ្វក់លេចធ្លាយចូលក្នុង​ទឹកស្ទឹងសង្កែ​បង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ។


គណ:កម្មការចម្រុះខេត្តបាត់ដំបងបានឲ្យដឹងនៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះថា បន្ទាប់ពីក្រុមការងារពាក់ព័ន្ធដឹកនាំដោយលោក សឿម ប៊ុនរឹទ្ធ អភិបាលរងខេត្តបាត់ដំបង បានចុះស្រាវជ្រាវបានរកឃើញក្រុមហ៊ុន ហ្វីនីក អ៊ិនដាសស្ទ្រៀល ឯ.ក ធ្វេសប្រហែសបណ្តាលឲ្យ​មានការលេចធ្លាយសំណល់រាវទឹកកខ្វក់ចូលក្នុងស្ទឹងសង្កែជាហេតុនាំឲ្យទឹកក្នុងស្ទឹងសង្កែប្រែជាពណ៌ខ្មៅខុសប្រក្រតីនិងសារធាតុបំពុលធ្វើឲ្យងាប់ត្រីមួយចំនួនជាលើកទី៣ ពិសេសនៅក្នុងស្ទឹងថ្វាក ស្រុករតនមណ្ឌល និងទឹកក្នុងស្ទឹងសង្កែ ក្រុងបាត់ដំបង លើសពីនេះក៏បាននាំឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែរ។


ផ្តើមចេញពីនេះ ក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនិវានុវត្តន៍ បានតម្រូវឲ្យក្រុមហ៊ុនផ្អាក​ដំណើរការ​ទាំងស្រុងនូវរាល់សកម្មភាពផលិតកម្មជាបណ្តោះអាសន្នរយ:ពេលពីរសប្តាហ៍ដោយចាប់គិតថ្ងៃទី០៤ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីកែសម្រួលនូវរាល់កំហុសឆ្គងរបស់រោងចក្រឲ្យបានសមស្រប និងត្រឹមត្រូវតាមបច្ចេកទេសឡើងវិញ។​


ប្រភពពីមន្ត្រីបានឲ្យដឹងថា រោងចក្រផលិតសម្បកកគ្រាប់ថ្នាំពីម្សៅដំឡូងមី អេតាណុល និងសារធាតុបន្ថែម​អាហារហ្វីនីក ប្រសិនបើមិនចូលរួមអនុវត្តតាមការណែនាំក្នុងកិច្ចព្រមព្រៀងរបស់​គណៈកម្មការជំនាញចម្រុះ​ឲ្យបានត្រឹមត្រូវទេ នោះក្រុមហ៊ុនះអាចត្រូវប្រឈមនឹងវិធានការច្បាប់៕