អន្តរជាតិ

ហ្វីលីពីនចោទចិនថាបានបាញ់កាណុងបាញ់ទឹកមកលើកប៉ាល់របស់ខ្លួន

ប្រែសម្រួល៖រតនា​

ហ្វីលីពីនបានចោទប្រកាន់កប៉ាល់ឆ្មាំសមុទ្រចិនថាបានបាញ់កាណុងបាញ់ទឹក និងធ្វើ “សមយុទ្ធដ៏គ្រោះថ្នាក់” មកលើកប៉ាល់របស់ខ្លួននៅឯសមុទ្រចិនខាងត្បូង។

PCG បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកនៅលើគណនី Facebook ផ្លូវការរបស់ខ្លួនកាលពីថ្ងៃសៅរ៍ថា “ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន (PCG)) ថ្កោលទោសយ៉ាងខ្លាំងចំពោះសមយុទ្ធដ៏គ្រោះថ្នាក់របស់ឆ្មាំឆ្នេរសមុទ្រចិន (CCG) និងការប្រើប្រាស់កាណុងបាញ់ទឹកខុសច្បាប់ប្រឆាំងនឹងនាវា PCG” ។

នាវា PCG កំពុងអមដំណើរកប៉ាល់ដឹកគ្រឿងផ្គត់ផ្គង់ដល់កងទ័ពយោធាដែលឈរជើងនៅ Ayungin Shoal ដែលត្រូវបានគេស្គាល់ថាជា Second Thomas Shoal នៅក្នុងខ្សែសង្វាក់កោះ Spratly ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនថាជាកោះ Nansha ។រីឯប្រទេសចិនហៅថា ថ្មប៉ប្រះទឹក Renai ។

នៅក្នុងការឆ្លើយតបដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ប្រទេសចិនបានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន (PCG) ពីបទរំលោភបំពាននៅក្នុងដែនទឹករបស់ខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា “នាវាផ្គត់ផ្គង់ហ្វីលីពីនចំនួនពីរគ្រឿង និងនាវាឆ្មាំឆ្នេរសមុទ្រពីរគ្រឿងបានឈ្លានពានដោយខុសច្បាប់ចូលទៅក្នុងទឹកដែលនៅជាប់នឹងថ្មប៉ប្រះទឹក Renai ក្នុងកោះ Nansha របស់ប្រទេសចិន” ។

“ឆ្មាំឆ្នេរសមុទ្រចិនបានអនុវត្តការត្រួតពិនិត្យចាំបាច់ស្របតាមច្បាប់ និងរារាំងនាវាហ្វីលីពីនដែលដឹកសម្ភារសំណង់ខុសច្បាប់។ យើងជំរុញឱ្យភាគីហ្វីលីពីនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរំលោភបំពានរបស់ខ្លួននៅក្នុងតំបន់ដែនសមុទ្រនោះ។” Gan Yu បាននិយាយយោងតាមសេចក្តីថ្លែងការណ៍។

Gan Yu បានអះអាងជាថ្មីនូវការទាមទារទឹកដីរបស់ចិននៅលើកោះ និងសមុទ្រចិនខាងត្បូង ដោយប្តេជ្ញាបន្តសកម្មភាពអនុវត្តច្បាប់របស់ខ្លួននៅក្នុងតំបន់។

ទន្ទឹមនឹងនោះ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានសម្តែងការគាំទ្ររបស់ខ្លួនចំពោះហ្វីលីពីន និងបានអំពាវនាវឱ្យប្រទេសចិនគោរពសេរីភាពនៃការធ្វើនាវាចរណ៍។ អាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា “(ប្រទេសចិន) មិនមានការទាមទារស្របច្បាប់ចំពោះតំបន់ដែនសមុទ្រជុំវិញ Second Thomas Shoal”៕

ប្រភព៖CNN