សន្ដិសុខសង្គម

ក្របីជាង៣០០ក្បាលផ្អើលបោលរត់ជាន់លើគ្នាងាប់អស់១៩ ក្បាលនៅស្រុកជើងព្រៃ

ដោយ៖ គង់ហេង
កំពង់ចាម៖ អ្នកភូមិចំនួនពីរ ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ បាននាំគ្នាកៀងសត្វក្របីជាង៣០០ ក្បាល ដើម្បីបញ្ចូលក្រោលវិញ ស្រាប់តែផ្អើលហែលរត់ជាន់គ្នាងាប់អស់ជិត ២០ក្បាល កាលពីរសៀលថ្ងៃទី ៦ សីហាម្សិលមិញ។


លោក នង សៀកម៉េង ជំទប់ឃុំផ្តៅជុំ ស្រុកជើងព្រៃបានឱ្យដឹងនៅថ្ងៃទី ៧ សីហាថាៈ ករណីក្របីផ្អើលហែល រត់ជាន់គ្នាងាប់នេះបានកើតឡើងនៅចំណុចអ្នកតាប៉ោង ក្នុងភូមិសាស្រ្តស្រុកកងមាស។បន្ទាប់ពីអ្នកភូមិចាំនាង និងអ្នកភូមិផ្តៅជុំកើត ឃុំផ្តៅជុំបានទទួលព័ត៌មានថាទឹកទន្លេមេគង្គបានឡើង ជន់លិច គឺម្ចាស់ហ្វុងសត្វក្របី សរុបប្រមាណជាង ៣០០ ក្បាល ដែលលែងឲ្យដើរស៊ីស្មៅច្រើនថ្ងៃនៅវាលស្រែប្រាំង បានប្រញាប់នាំគ្នា​កៀងសត្វក្របីទាំងនោះបញ្ចូលក្រោលវិញ។


លោកជំនប់ឃុំផ្តៅជុំបានឱ្យដឹងទៀតថាៈ ប៉ុន្តែចៃដន្យពេលកំពុងកៀងឱ្យហ្វូងក្របីទាំងនោះ ឱ្យហែលទឹកឆ្លងបឹង និងព្រែកចម្ងាយប្រមាណ ៣.០០០ ម៉ែត្រ ក៏ស្រាប់តែពួកវាលផ្អើលហែលជាន់លើគ្នាងាប់អស់​សត្វក្របី​ទាំងតូច(កូន)ទាំងធំសរុបចំនួន ១៩ ក្បាល ដោយម្ចាស់នាំគ្នាស្រង់ដាក់លើទូកយកមកភូមិវិញ ហើយមកដល់ព្រឹកថ្ងៃទី ៧ សីហានេះ ម្ចាស់ក្របីបានលក់ឱ្យឈ្មួញយកទៅកាប់​ពន្លះយកសាច់លក់បន្តអស់ហើយ។

បើយោងតាមអ្នកភូមិខ្លះបាននិយាយប្រាប់អ្នកយកព័ត៌មានថា មូលហេតុសំខាន់ដែលនាំឲ្យហ្វូងក្របីផ្អើលបោលនិងហែលជាន់គ្នាបណ្តាលឲ្យងាប់ដល់ទៅជិត២០ក្បាលនោះគឺអាចមកពីមានអ្នកដែលទៅកៀងក្របីទាំងនោះបានប្រើទូកម៉ាស៊ីដោយមានបាញ់ថ្នាំចម្រុះពណ៌ដែលមើលទៅរាងដូចសត្វក្រពើដែលជាហេតុធ្វើឲ្យហ្វូងក្របីវាផ្អើល៕