សន្ដិសុខសង្គម

ឃាត់ខ្លួនថៅកែក្រុមហ៊ុនពិភពដីមាសនិងក្រុមបក្ខពួកជាច្រើននាក់

ដោយ៖រតនា

ភ្នំពេញ៖លោកឧកញ៉ាហ៊ី គីមហុង​ ដែលគេស្គាល់ថាជាថៅកែក្រុមហ៊ុនពិភពដីមាស និងបក្ខពួកសរុប១៤នាក់សង្ស័យជាប់ពាក់ព័ន្ធនឹងរឿងបោកប្រាស់ប្រជាពលរដ្ឋនិងប្រើប្រាស់អំពើហិង្សាត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួន។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះគឺធ្វើឡើងនៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញនៅរសៀលថ្ងៃទី៧ សីហា ឆ្នាំ២០២៣។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានឲ្យដឹងថា ការឃាត់ខ្លួននេះ គឺធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជាមួយនោះក្រុមបក្ខពួកនិងជាអ្នកការពារ លោកឧកញ៉ាហ៊ីគីមហុងបានរារាំងដីការបស់តុលាការ និងបានប្រើហិង្សាលើកម្លាំងសមត្ថកិច្ចហើយសមត្ថកិច្ចក៏បានផ្ទុះអាវុធដើម្បីគ្រប់គ្រងសភាពការណ៍។

អ្នកនាំពាក្យបានឲ្យដឹងទៀតថាបច្ចុប្បន្ននេះអ្នកដែលត្រូវឃាត់ខ្លួនទាំងអស់នោះត្រូវបាននាំយកទៅសាកសួរតាមនីតិវិធីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ប៉ុន្តែមិនបានបញ្ជាក់ថានឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅពេលណានោះទេ។

សូមរំលឹកថា ឧកញ៉ា ហ៊ី គីមហុង កន្លងមកធ្លាប់ត្រូវបានស្នងការដ្ឋាន នគរបាលខេត្ដកំពត បានចេញលិខិតអញ្ជើញឲ្យចូលខ្លួនដើម្បីសាកសួរពាក់ព័ន្ធបណ្ដឹងប្រជាពលរដ្ឋ ដែលបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុននេះ គិតជាទឹកប្រាក់សរុបប្រមាណ៦លានដុល្លារ ប៉ុន្ដែឧកញ៉ានេះមិនបានចូលខ្លួននោះទេ។លើសពីនោះបានថែមទាំងព្យាយាមគេចវេះមិនទទួលខុសត្រូវទៀតផង រហូតដល់សមត្ថកិច្ចឈានទៅដល់ឃាត់ខ្លួននៅពេលនេះ៕