សេដ្ឋកិច្ច

ក្រុមហ៊ុន Toyota នឹងបង្កើតគម្រោងវិនិយោគថ្មីមួយទៀត នៅប៉ោយប៉ែត ត្រូវការកម្លាំងពលកម្ម៨០០នាក់

ដោយៈសិរីមតី/ភ្នំពេញ៖ក្រុមហ៊ុន Toyota Tsusho Corporation បាននិងកំពុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ដែលក្នុងនោះ នឹងបង្កើត​គម្រោង​វិនិយោគថ្មីមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត លើមុខសញ្ញាវិនិយោគផលិតប្រព័ន្ធខ្សែភ្លើង​សម្រាប់រថយន្ត (Automotive Wire Harness)។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា៖គម្រោងនេះនឹងចាប់ផ្តើមដំណើរការនៅខែឆ្នូ ឆ្នាំ២០២៣ ខាងមុខ និងអាចស្រូបយកកម្លាំងពលកម្មប្រមាណ ៨០០ កន្លែងបន្ថែមទៀត។

គម្រោងថ្មីនេះ បានត្រូវបង្ហាញឱ្យដឹងក្នុងជំនួបថ្មីៗនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រវាងលោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគ​កម្ពុជា/​គណៈ​កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ជាមួយក្រុមហ៊ុន Toyota Tsusho Corporation ដែលកំពុងមានប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា៖បច្ចុប្បន្ន កម្មករនិយោជិតកម្ពុជាមួយចំនួន កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសថៃ៕