អន្តរជាតិ

អ៊ុយក្រែនចោទប្រកាន់រុស្ស៊ីថាបានវាយប្រហារមជ្ឈមណ្ឌលផ្តល់ឈាម

ប្រែសម្រួល៖រតនា

មជ្ឈមណ្ឌលផ្តល់ឈាម សាកលវិទ្យាល័យមួយ និងកន្លែងអាកាសយានិកក្នុងប្រទេសអ៊ុយក្រែនត្រូវបានខូចខាតនៅក្នុងការវាយឆ្មក់តាមអាកាសដ៏សាហាវ ខណៈដែលកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន បង្កើនការវាយប្រហាររបស់ពួកគេ បន្ទាប់ពីការវាយប្រហារដោយទីក្រុង Kyiv លើនាវាដឹកប្រេងរុស្ស៊ីនៅសមុទ្រខ្មៅ។

ការវាយប្រហារកាលពីល្ងាចថ្ងៃសៅរ៍បានកើតឡើងនៅពេលដែលមន្ត្រីជាន់ខ្ពស់មកពី 40 ប្រទេស រួមទាំងប្រទេសចិន ឥណ្ឌា និងសហរដ្ឋអាម៉េរិក បានជួបពិភាក្សាគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត ស្តីពីវិធីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

មន្ត្រីអ៊ុយក្រែនបានស្តីបន្ទោសរុស្ស៊ីចំពោះការវាយប្រហារលើមជ្ឈមណ្ឌលឈាមនៅក្នុងទីក្រុង Kupiansk ភាគខាងកើតកាលពីល្ងាចថ្ងៃសៅរ៍ ខណៈដែលក្រុមមន្ត្រីដែលដំឡើងដោយទីក្រុងម៉ូស្គូបានចោទប្រកាន់ទីក្រុង Kyiv ថាបានប្រើប្រាស់គ្រាប់បែកចង្កោមបំផ្លាញសាកលវិទ្យាល័យមួយនៅក្នុងតំបន់ Donetsk ដែលគ្រប់គ្រងដោយរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានពណ៌នាការវាយប្រហារលើ Kupiansk ក្នុងតំបន់ Kharkiv ថាជា “ឧក្រិដ្ឋកម្មសង្គ្រាម” ហើយបាននិយាយថា “មានអ្នកស្លាប់ និងរបួស” ។ប៉ុន្តែលោក​មិន​បាន​បញ្ជាក់​ថា​មាន​មនុស្សចំនួន​ប៉ុន្មាន​នាក់​បាន​ស្លាប់ ឬ​របួស​នោះ​ទេ៕