សន្ដិសុខសង្គម

រឿងគួរឲ្យរន្ធត់មួយបានកើតឡើងអ្នកស្រវឹងស្រាបើករថយន្តបុករះចូលកន្លែងប្រារព្ធកម្មវិធីទាំងកំរោលរបួស៥នាក់

ដោយ៖រតនា
សៀមរាប៖រថយន្តមួយគ្រឿងអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងបានបើកបុកចូលទៅចំហ្វូងមនុស្សជាច្រើន​នាក់ដែលកំពុងតែប្រារព្ធពិធីជួបជុំសប្បាយរីករាយមួយបានបណ្តាលឲ្យរងរបួសមនុស្ស៥នាក់ ដែលក្នុងនោះមានជនជាតិខ្មែរ២នាក់និងបរទេស៣នាក់។


ហេតុការណ៍ដែលមិនគួរឲ្យកើតឡើងនេះគឺបានកើតឡើងនៅវេលាម៉ោងជិត៣រសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នៅស្រុកស្រីស្នំ ខេត្តសៀមរាប។


ប្រភពព័ត៌មានបានឲ្យដឹងថា នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នេះមានពិធីជួបជុំមួយនៅស្រុកស្រីស្នំ​ដែលមានមនុស្សបានចូលរួមផឹកស៊ីកម្សាន្តសប្បាយជាច្រើននាក់។ក្នុងនោះមានជនជាតិខ្មែរនិងជនជាតិហូឡង់​ជាច្រើននាក់។


ប៉ុន្តែនៅពេលកម្មវិធីកំពុងជួបជុំគ្នា​សប្បាយនោះ ក៏ស្រាប់តែមានឈ្មោះឡំ ឡុញ ភេទប្រុស អាយុ៤១ឆ្នាំ ជាគ្រូបង្រៀននៅភូមិក្រូចចារ ឃុំប្រីយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាបបានបើកបររថយន្តនៅក្នុងស្ថានភាពស្រវឹង ទើបចេញពីកន្លែងកម្មវិធីជាមួយគ្នា បានបុករះចូលចំហ្វូងមនុស្សដែលកំពុងតែឈរ​បណ្តាលឲ្យរងរបួស​ចំនួន៥នាក់។


ក្រោយពីហេតុការណ៍នេះបានកើតឡើងគេបានរៀបចំបញ្ជូនអ្នករងរបួសទាំងអស់នោះទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ៕