សន្ដិសុខសង្គម

អ្នកភូមិជាច្រើនរយនាក់បានកែនគ្នាទៅដុតស្នាក់ការបរិស្ថានមួយកន្លែងនៅខេត្តក្រចេះ

ដោយ៖រតនា
ក្រចេះ៖ អ្នកស្រុកប្រមាណជាង៣០០នាក់នៅព្រឹកថ្ងៃទី៥សីហា ឆ្នាំ២០២៣ បាននាំគ្នាទៅដុតបំផ្លាញ ស្នាក់ការបរិស្ថានមួយកន្លែងនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដោយមូលហេតុខឹងនឹងមន្រ្តីបរិស្ថាន ប្រចាំការនៅទីនោះចាប់ម៉ាស៊ីនអារឈើរបស់ពូកគាត់។


បើតាមប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា មនុស្សប្រមាណជាង៣០០នាក់នោះគឺរស់នៅភូមិស្រែជិះ,ភូមិររៀង និងភូមិអំពក ស្ថិតក្នុងឃុំស្រែជិះ។ មូលហេតុដែលពួកគាត់នាំគ្នាទៅដុតបំផ្លាញនេះ គឺដោយសារ ក្តៅក្រហាយនឹងមន្រ្តីបរិស្ថានបានចុះបង្ក្រាបរណារត្រង់ស៊ីន័រ កាំបិត ពូថៅ របស់ពួកគាត់ដែលទៅអារឈើ យកធ្វើរបងស្រែនិងធ្វើរបងរោងដំាបាយ។


ប៉ុន្តែប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោក ឆាយ ដួងសាវុធ បានឲ្យដឹងថា ករណីនេះកើតចេញពី ពលរដ្ឋទាំងនោះខឹងសម្បានឹងមន្រ្តីបរិស្ថានបានចុះទៅចាប់ម៉ាស៊ីនរណារយន្ដ១គ្រឿង និងកាំបិត១​ដែលបុគ្គលម្នាក់បានទៅអារឈើក្នុងតំបន់ការពារកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។


លោកបាន​បញ្ជាក់ទៀតថា ការដែលពលរដ្ឋលើកគ្នាទៅដុតបំផ្លាញស្នាក់ការបរិស្ថាននោះ មានមេខ្លោង​ចំនួន២នាក់ ឈ្មោះក្លូ និងម្នាក់ទៀតឈ្មោះ រ៉ា ទី ហើយឈ្មោះរ៉ា ទីនេះ មានតួនាទីជាអនុប្រធាន​សហគមន៍ព្រៃឈើទៀតផង។ បុគ្គលរូបនេះ ជាអ្នកទៅអារឈើក្នុងតំបន់ការពារនោះតែម្ដង។


លោកបន្ថែមថា ពួកគាត់បានដុតបំផ្លាញស្នាក់ការបរិស្ថាន និងឈើជាវត្តុតាងដែលបង្រ្កាបបានកន្លងមក​ទាំងអស់ផងដែរ។ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយឥឡូវនេះគេនៅមិនទាន់ឃើញអាជ្ញាធរ​បានចាត់វិធានការ​ផ្លូវច្បាប់យ៉ាងណានៅឡើយនោះទេ៕