សន្ដិសុខសង្គម

ក្រឡាប់រថយន្តដឹកកម្មកររោងចក្រនៅខេត្តកំពង់ស្ពឺរងរបួសជាង៧០នាក់

ដោយ៖រតនា
កំពង់ស្ពឺ៖ រថយន្តដឹកកម្មកររោងចក្រមួយគ្រឿង បើកលឿនពេលបត់ក្រឡាប់ធ្លាក់ពីលើផ្លូវបានបណ្តាលឲ្យ​បងប្អូន​កម្មករកម្មការិនីរោងចក្ររងរបួសប្រមាណជាង៧០នាក់។


សមត្ថកិច្ចនគរបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានឲ្យដឹងថា ៖​ករណីក្រឡាប់រថយន្តដឹកកម្មករ​ដែលផ្ទុកពេញណែននេះគឺបានកើតឡើងនៅវេលាម៉ោងជិត៦ព្រឹកថ្ងៃទី៥ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវកោងមួយកន្លែងនាភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


សាក្សីដែល​បាន​ឃើញបានប្រាប់ឲ្យដឹងថា ក្រោយពីរថយន្តក្រឡាប់ភ្លាមៗគេបានឃើញក្រុមកម្មករ​ជាច្រើននាក់បានដេករដូករណែលនៅដីភក់ក្នុងវាលស្រែ។ប៉ុន្តេក្រោយមកបន្តិចក្រុមកម្មករដែល​រងរបួសទាំងនោះត្រូវបានគេជួយអន្តរាគមន៍ដោយដឹកតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។


សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សគ្មានផ្លាកលេខដែលក្រឡាប់នោះ គឺអ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ២៤ឆ្នាំ នៅ ភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ នៅមុនពេលជួបហេតុការណ៍គ្រោះថ្នាក់ក្រឡាប់ រថយន្តនោះបានដឹកកម្មករប្រហែល​ជាង៧០នាក់។


សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជំហានដំបូងថា មូលហេតុដែលនាំឲ្យក្រឡាប់រថយន្តដឹកកម្មករ​គឺអាចមកពី​អ្នកបើកបររថយន្តប្រើល្បឿនលឿន ហើយនៅពេលមកដល់ត្រង់ផ្លូវកោងបានបត់​ក៏បណ្ដាលឲ្យរេចង្កូត​ក្រឡាប់ធ្លាក់ចូលទៅក្នុងស្រែបង្កឲ្យរងរបួសកម្មករកម្មការិនីដែលជិះនៅលើរថយន្ដទាំងអស់ដែលមានចំនួនជាង៧០នាក់៕