សន្ដិសុខសង្គម

អ្នកចាក់ស្រីកំណាន់ជាប់កាំបិតនៅខ្នងអាចប្រឈមនឹងជាប់គុកអស់មួយជីវិត

ដោយ៖រតនា
ភ្នំពេញ៖បុរសម្នាក់ដែលបានស្កាត់ពីភ្នំពេញទៅចាក់ស្រីកំណាន់របស់ខ្លួនដល់ខេត្តកែបបណ្តាលឲ្យជាប់កាំបិតនៅខ្នងនោះគឺអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារជាច្រើនឆ្នាំ ឬអស់មួយជីវិតបើតុលាការរកឃើញ។


អ្នកសិក្សាផ្នែកច្បាប់មួយរូបបានប្រាប់អ្នកយកព័ត៌មានCambodia Flash Newsនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ថា ជនត្រូវចោទខាងលើនឹងត្រូវប្រឈមការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ អាចរហូតដល់ទៅអស់មួយជីវិតបើសិនតុលាការបានរកឃើញជាក់ស្តែងនោះ។
អ្នកច្បាប់បានឲ្យដឹងថា ករណីនេះប្រសិនបើស្រ្តីរងគ្រោះនាងស្លាប់ ជនល្មើសត្រូវបានរកឃើញថាការ ចាក់សម្លាប់ នោះពិតជាបានគិតទុកជាមុនមែន នឹងត្រូវប្រឈមនឹងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ឃាតកម្មគិតទុកជាមុន។ មាត្រានេះអាចត្រូវផ្តន្ទាទោសអស់មួយជីវិត។


ប្រសិនបើនាងរងគ្រោះស្លាប់ ហើយរកទៅមិនឃើញថាការសម្លាប់នោះមិនបានគិតទុកជាមុនទេ គឺជននោះ ប្រឈមនឹងមាត្រា១៩៩ អំពើសម្លាប់មនុស្សដោយចេតនាប្រឈមនឹងជាប់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។
ប្រសិនបើនាងរងគ្រោះមិនស្លាប់គឺប៉ុនប៉ងឃាតកម្មគិតទុកជាមុនដែលប្រឈមនឹងមាត្រា២០៧ គឺអាចនឹងត្រូវ ផ្តន្ទាទោសពី១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់ចូលថវិការដ្ឋចាប់ពី២លានទៅ៦លានរៀល។
ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយឥឡូវនេះករណីចាក់ស្រ្តីនោះតំណាងអយ្យការអមតុលាការខេត្តកែបបានចោទប្រកាន់ជាផ្លូវការពីបទប៉ុនប៉ងឃាតកម្មគិតទុកជាមុនរួចហើយ។


សូមរំលឹកថា បើតាមសមត្ថកិច្ចកាលពីរសៀលថ្ងៃទី១ ខែសីហា ជនត្រូវចោទឈ្មោះ ម៉ៅ ពិសី អាយុ ៣៧ឆ្នាំ រស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានទិញកូនកាំបិតនៅម្តុំបឹងត្របែករាជធាំនីភ្នំពេញហើយធ្វើដំណើរទៅខេត្តកែប ដើម្បីចាក់សម្លាប់ស្រីកំណាន់របស់ខ្លួនម្នាក់ឈ្មោះ ខៀវ ផាន់ណា អាយុ ៣៤ឆ្នាំ នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ពួកគេធ្លាប់មានទំនាក់ទំនងស្គាល់គ្នាតាមរយៈហ្វេសប៊ុកកន្លងមក។
លុះដល់ម៉ោង៧ និង២០នាទីយប់ថ្ងៃទី១ សីហា ជនសង្ស័យបានប្រទះឃើញគូកំណាន់ របស់ខ្លួនជិះម៉ូតូលើផ្លូវជាតិលេខ៣៣អា ក៏បើកម៉ូតូដេញតាមទាន់ត្រង់ចំណុចមុខផែចាស់ក៏ដកកូនកាំបិតចាក់ ពីក្រោយបណ្ដាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរដោយជាប់កាំបិតនៅខ្នង។


ក្រោយពីចាក់រួចបែបទំនងជានឹកថានាងបានស្លាប់នោះ ជនសង្ស័យបានបើកម៉ូតូចូលទៅស្នងការដ្ឋាន នគរបាលខេត្តកែបដើម្បីសារភាពចំពោះមុខសមត្ថកិច្ច។ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពតទាំងកាំបិតនៅជាប់នឹងខ្នង។
នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារតាមការសម្រេចឱ្យឃុំខ្លួនរបស់អយ្យការអមសាលាដំបូងខេត្ត៕