សន្ដិសុខសង្គម

សមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀនចាប់បានគ្រឿងញៀនឆ្លងដែនជាច្រើនរយគីឡូក្រាម

ដោយ៖រតនា
ភ្នំពេញ៖កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បន្ទាប់ពីបានបើកការស៊ើបអង្កេតអស់ជាច្រើនខែមក នៅទីបំផុតបានឈានទៅចាប់បានមុខសញ្ញាឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិនតៃវ៉ាន់មួយក្រុមនិងគ្រឿងញៀនជាច្រើនរយគីឡូក្រាមចេញពីតំបន់ត្រីកោណមាសឆ្លងកាត់ឡាវ-កម្ពុជាបន្តនាំចេញតាមលំហសមុទ្រ។


សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១និងក៤)ថ្មីៗនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរចូលរួមសហការពីកម្លាំង​នគរបាល​រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលដោយមន្រ្តីតុលាការបានបើកកិច្ចប្រតិបត្តិការ​បង្ក្រាបដោយបែងចែកកម្លាំងជា២ក្រុម។


ក្រុមទី១នៅវេលា​ម៉ោង ២និង៣០យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិគ្រឹះ​លើភ្នំស្ថិតនៅ​ភូមិ២សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។


ក្រុមទី២នៅវេលា​ម៉ោង ០៧:៣០ព្រឹក ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ ០៩ និងលេខ ១១ ផ្លូវលេខ០៣ គម្រោងទី៧ បុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


ជាលទ្ធផល​សរុបគឺកម្លាំងប្រតិបត្តិការសម្រេចឃាត់ខ្លួនបានជនសង្ស័យទាំងអស់៦នាក់ភេទប្រុស ជនជាតិចិនតៃវ៉ាន់។រីឯវត្ថុតាងមានសារធាតុញៀនប្រភេទកេតាមីនចំនួនសរុប៧៨៥ដុំ ស្មើនឹង​ទម្ងន់ 789 kg 781 g ,រថយន្ត០៤គ្រឿង , ម៉ូតូ ២គ្រឿង ,ទូរសព្ទ ៧គ្រឿងនិងគណនីធនាគារចំនួន៨។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង​រាជធានីភ្នំពេញដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕