សន្ដិសុខសង្គម

ម៉ូតូនិងរថយន្ដបុកគ្នាបណ្ដាលឲ្យប្រពន្ធស្លាប់ ប្តីរងរបួសស្រាល

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ ស្រ្តីជាប្រពន្ធបានស្លាប់នៅនឹងកន្លែង ហើយបុរសជាប្តី និងជាអ្នកបើកបរម៉ូតូបានរងបួសស្រាល នៅក្នុងគ្រោះថ្នាក់ចរាចររវាងម៉ូតូនិងរថយន្ត នៅចំណុចផ្លូវបំបែកជាបួន ភូមិនិគមក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី ៣ សីហាម្សិលមិញ។


មន្រ្តីនគរបាលស្រុកត្បូងឃ្មុំបានឱ្យដឹងនៅថ្ងៃទី ៤ សីហាថា៖ ជនរងគ្រោះជាប្រពន្ធដែលបានស្លាប់ឈ្មោះ ស្រេង លី អាយុ ៥៥ ឆ្នាំ និងជាប្តីរងរបួសស្រាលឈ្មោះ រ៉ាន់ ចិត្ត អាយុ ៥៧ ឆ្នាំ មានទីលំនៅភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែក។ ទាំងពីរនាក់ប្តីប្រពន្ធបានធ្វើដំណើរតាមម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខត្បូងឃ្មុំ 1C-5986 ដោយបុរសជាប្តីអ្នកបើកបរ។


ប្រភពព័ត៌មាននោះបានឱ្យដឹងទៀតថា៖ មកដល់កន្លែងកើតហេតុបានបង្កជាមួយរថយន្តម៉ាកកាមរី(ឆ្លាម) ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2H-8908 ។ក្រោយកើតហេតុរួចម្ចាស់រថយន្តបានចុះពី​រថយន្ត  ត្រូវអ្នកនៅកន្លែងកើតហេតុថតបានរថយន្ត និងផ្លាកលេខ ហើក៏បើករថយន្តគេចទៅទិសខាងជើងបាត់ ប៉ុន្តែមិនស្គាល់ឈ្មោះ និងអាសយដ្ឋានអ្នកបើកបរទេ។


ប្រភពព័ត៌មានបានបន្តថា៖ ដោយសារខាងម៉ូតូបើកបរពីទិសខាងលិច ទៅកើតលើផ្លូវបាត់សិទ្ធិក៏ទៅបុក​ខាងរថយន្តកំពុងបើកបរពីត្បូងទៅជើង គឺជាមូលហេតុមិនគោរពសិទ្ធិអាទិភាព និងបណ្តាលពីជនរងគ្រោះ ស្រេង លី មិនពាក់មួកសុវត្ថិភាពស្លាប់៕