សន្ដិសុខសង្គម

នគរបាលខេត្តកំពង់ចាមប្រមូលបានអត្តសញ្ញាណប័ណ្ណ,សៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅពីកន្លែងបញ្ចាំប្រគល់ជូនម្ចាស់វិញ

ដោយ៖ គង់ហេង
កំពង់ចាម៖ ស្នងការនគរបាលខេត្តកំពង់ចាមបានចុះ អនុវត្តដកហូតអត្តសញ្ញាណប័ណ្ណ,សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដែលកន្លងមកប្រជាពលរដ្ឋបានយកទៅដាក់បញ្ចាំសម្រាប់ជាថ្នូរលើការផ្តល់ឥណទាន នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ និងកន្លែងទទួលបញ្ចាំ ឬហាងលក់ទំនិញប្រើប្រាស់នានា ក្នុងខេត្តកំពង់ចាម ប្រគល់ជូន ម្ចាស់ដើមវិញ។


លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាក់នៅរបាយការណ៍​ដំណាច់ខែកក្កដា​កន្លងទៅថា៖ សូមគោរពជម្រាបជូន លោកអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការដឹកនាំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមេត្តាជ្រាបថា: អនុវត្តតាម​សេចក្ដីណែនាំលេខ ០៣៩ សណន របស់ក្រសួងមហាផ្ទៃ ខ្ញុំបាទឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យលោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម និងលោកអធិការនគរបាល ក្រុង/ស្រុក ដឹកនាំមន្ត្រីជំនាញផែនការងារអត្តសញ្ញាណកម្ម ចុះផ្សព្វផ្សាយ និងស្រាវជ្រាវ និង សុំកិច្ចស់ហការចូលរួមពីម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទទាំងក្នុងនិង​ក្រៅប្រព័ន្ធ កន្លែងទទួលបញ្ចាំ ឬ ហាងលក់ទំនិញប្រើប្រាស់នានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែល ប្រជាពលរដ្ឋបានយកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ទៅដាក់បញ្ចាំសម្រាប់ជាថ្នូរលើការផ្តល់ ផ្តល់ឥណទាន ។


លោកស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាក់ទៀតថា៖ ក្នុងកិច្ចប្រតិបត្តិការចុះអនុវត្តចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៣ សមត្ថកិច្ចរបស់យើង បានដកហូតនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ២១៣ សន្លឹក សៀវភៅគ្រួសារចំនួន ១៦ ក្បាល និងសៀភៅស្នាក់នៅចំនួន ០៦ ក្បាល ។


លោកបានបន្ថែមថា៖ បន្ទាប់ពីបានធ្វើការដកហូតរួច មន្ត្រីជំនាញយើង បានធ្វើកិច្ចសន្យាអប់រំដល់ម្ចាស់ អាជីវកម្មទាំងនោះ ត្រូវឈប់ទទួលយកនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលប្រជាពលរដ្ឋ យកមកដាក់បញ្ចាំសម្រាប់ជាថ្នូរលើការផ្តល់ឥណទានជាបន្តទៀត ។


លោកបានបន្តថា៖ ចំពោះអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលដកហូតបាន ស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានធ្វើការចែកជូនប្រជាពលរដ្ឋដើម្បីយកទៅប្រើប្រាស់វិញ និងពន្យល់ណែនាំ អំពីសារសំខាន់របស់អត្តសញ្ញាណប័ណ្ណជូនពួកគាត់ឲ្យបានយល់ជ្រាប៕