សន្ដិសុខសង្គម

ស្កាត់ពីភ្នំពេញមកតាមសម្លាប់គូកំណាន់នៅក្រុងកែប រួចចូលសារភាពជាមួយសមត្ថមិច្ច

ដោយ៖កំចាយ

កែប៖ ដោយមានបំណងផ្តាច់ផ្តិលជីវិតគូកំណាន់ បុរសម្នាក់បានជិះម៉ូតូពីភ្នំពេញមកតាមចាក់សម្លាប់​ស្ត្រីម្នាក់​រស់នៅខេត្តកែប រួចចូលសារភាពជាមួយសមត្ថកិច្ចដោយខ្លួនឯង។ ក្រោយបំពេញសំណុំបែបបទរួចរាល់ កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកែបបានបញ្ជូន​ជនសង្ស័យ​ទៅតុលាការដើម្បីបន្តនីតិវិធី។

មន្រ្តីនគរបាលខេត្តកែបបានប្រាប់ឲ្យដឹងថា៖ ជនសង្ស័យក្នុងករណីខាងលើ ឈ្មោះ ម៉ៅ ពិសី អាយុ ៣៧ឆ្នាំ រស់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកស្ត្រីរងគ្រោះ ឈ្មោះ ខៀវ ផាន់ណា អាយុ ៣៤ឆ្នាំ រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

សមត្ថកិច្ចបានរំលឹកថា៖ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១ ខែសីហា មានករណីឃាតកម្ម​គិតទុកជាមុន​បានកើតឡើងក្នុងភូមិកែប សង្កាត់កែប ក្រុងកែប បណ្តាលឲ្យស្ត្រីមានរងរបួសជាទម្ងន់។ នាសៀលថ្ងៃទី១ ខែសីហា ជនសង្ស័យបានជិះម៉ូតូចេញពីភ្នំពេញដោយយកកូនកាំបិតមកជាមួយ​ដើម្បីសម្លាប់គូកំណាន់នៅខេត្តកែប។

សមត្ថកិច្ចបានបន្តថា លុះដល់ម៉ោង៧ និង២០នាទីយប់ ជនសង្ស័យបានប្រទះឃើញគូកំណាន់ជិះម៉ូតូ​លើផ្លូវជាតិលេខ៣៣អា ក៏បើកម៉ូតូដេញតាមទាន់ត្រង់ចំណុចមុខផែចាស់ក៏ដកកូនកាំបិតចាក់ពីក្រោយ​បណ្ដាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ។ ក្រោយកើតហេតុ ជនសង្ស័យបានបើកម៉ូតូចូលស្នងការដ្ឋានខេត្តកែប​ដើម្បីសារភាពចំពោះមុខសមត្ថកិច្ច។ ចំណែកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅកាន់​មន្ទីរពេទ្យបង្អែកខេត្តកំពត​ទាំងកាំបិតនៅជាប់នឹងខ្នង៕