សន្ដិសុខសង្គម

បំបែកសម្បុកទទួលផលចោរកម្មមួយកន្លែងរកឃើញម៉ូតូជាច្រើនគ្រឿង

ដោយ៖រតនា

សមត្ថកិច្ចនគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់បានឆ្មក់ចូលបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែងដោយបានឃាត់ខ្លួនមនុស្ស២នាក់និងដកហូតម៉ូតូព្រមទាំងផ្លាកលេខម៉ូតូបានជាច្រើនគ្រឿងកាលពីថ្ងៃទី២ខែសីហាឆ្នាំ២០២៣។

ជនសង្ស័យនិងវត្ថុតាង(រូបថត៖ នគរបាលជាតិ)

លោកសក្តិ៥ មោក ភារម្យ ជាអធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣លោកបានដឹកនាំកម្លាំងនគរបាលចុះបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែងនៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជាលទ្ធផលក្នុងប្រតិបត្តិការនោះ យើងបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងករណីទទួលផលចោរកម្ម។ ក្នុងនោះម្នាក់ឈ្មោះជា វ៉ា ហៅពៅ ភេទប្រុស  អាយុ ៣៣ឆ្នាំ នៅភូមិត្រពាំងស្មាច ឃុំក្បាលត្រាច ស្រុកក្រគរ និងម្នាក់ទៀតឈ្មោះម៉ម ប៊ុនសៀ ភេទប្រុស អាយុ៤០ឆ្នាំនៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនសង្ស័យនិងវត្ថុតាង(រូបថត៖ នគរបាលជាតិ)

លោកអធិការនគរបាលស្រុកក្រគរក៏បានឲ្យដឹងដែរថា ចំពោះវត្ថុតាងយើងដកហូតបាន រួមមាន ម៉ូតូសង់ពណ៌ខ្មៅ គ្មានផ្លាកលេខចំនួន៤គ្រឿង,ផ្លាកលេខចំនួន៤១សន្លឹកនិងសម្ភារបំបែកចេញពីម៉ូតូមួយចំនួនទៀត។

ជនសង្ស័យនិងវត្ថុតាង(រូបថត៖ នគរបាលជាតិ)

ឥឡូវនេះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមការសម្រេចរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបំពេញសំណុំបែបបទតាមនីតីវិធីបញ្ជូនទៅកាន់ជំនាញចាត់ការបន្តទៅតាមច្បាប់៕