ព័ត៌មានជាតិ

ជំនន់ទន្លេមេគង្គបន្តហក់ឡើង ទឹកហូរចូលព្រែកកើនដល់១៣កន្លែងក្នុងស្រុកចំនួនបួន

ដោយ៖គង់ហេង
កំពង់ចាម៖ នៅព្រឹកថ្ងៃទី ៣ សីហានេះទឹកជំនន់ទន្លេមេគង្គនៅស្ថានីយឧតុនិយមខេត្តកំពង់ចាមមានកម្ពស់ ១០,៦៨ ម៉ែត្រ គឺខ្ពស់ជាងព្រឹកម្សិលមិញ ០,៨០ ម៉ែត្រ និងបានបណ្តាលឱ្យទឹកជំនន់ទន្លេមួយនេះហូរចូលព្រែក ចំនួនពីរកន្លែងបន្ថែមទៀតក្នុងស្រុកចំនួនបួន។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម(រូប៖ គង់ហេង)

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាមបានឱ្យដឹងថា៖ កម្ពស់ទឹក ទន្លេមេគង្គខាងលើបើធៀបទៅរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២២ ទឹកជំនន់នេះមានកម្ពស់ទាបជាង ២,៦៧ ម៉ែត្រ គឺមានកម្ពស់ ៨,០១ ម៉ែត្រ។


លោកប្រធានមន្ទីរបានបន្តថា៖ ការហក់ឡើងរយៈពេលពីរថ្ងៃពីថ្ងៃទី ២ ដល់ ៣ សីហា ដល់កម្ពស់ ១០,៦៨ ម៉ែត្រនេះ បណ្តាលឱ្យទឹកនេះហូរចូលព្រែកចំនួន ១៣ កន្លែង នៃព្រែកសរុបចំនួន ៤១កន្លែងក្នុងស្រុកចំនួនបួន គឺកើនឡើងចំនួនពីរកន្លែង និងស្រុកចំនួនមួយបន្ថែមទៀត បើធៀបនឹងថ្ងៃទី ២ សីហាម្សិលមិញ មាន៖ ស្រុកស្ទឹងត្រង់ហូរចូលព្រែកចំនួនបួន នៃព្រែកសរុបចំនួន ប្រាំកន្លែង, ស្រុកកំពង់សៀមហូរចូលព្រែកចំនួន ពីរ នៃព្រែកសរុបចំនួន ១១ កន្លែង, ស្រុកកងមាសហូរចូលព្រែកចំនួនប្រាំមួយ នៃព្រែកសរុបចំនួន ១៣ កន្លែង និងស្រុកកោះសូទិនហូរចូលព្រែកចំនួនមួយ នៃព្រែកសរុបចំនួនប្រាំកន្លែង។


សូមបញ្ជាក់ថា៖ យោងតាមការប្រកាសព័ត៌តាមដានកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅស្ថានីយឧតុនិយមខេត្តនេះ បានបញ្ជាក់ថា ទឹកជំនន់ទន្លេមេគង្គឡើងដល់ចំណុចប្រកាសឱ្យ ប្រុងប្រយ័ត្នខណៈទឹកឡើងកម្ពស់ ១៥,២០ ម៉ែត្រ៕