សន្ដិសុខសង្គម

ឃាត់ខ្លួនតៃកុងរថយន្តបុកកូនសិស្សស្លាប់ម្នាក់និងពីរនាក់រងរបួសធ្ងន់

ដោយ៖សុខុម
កំពង់ស្ពឺ៖សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបុរសម្នាក់ដែលជាអ្នកបើកបររថយន្តបង្កបុកម៉ូតូ បណ្តាលឱ្យកូនសិស្សម្នាក់ស្លាប់និងពីរនាក់ទៀតរងរបួសធ្ងន់ នៅតាមបណ្តោយផ្លូវលេខ១៣០ ត្រង់ចំណុចភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។


នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក Car AlPhard ស៊េរីឆ្នាំ ២០០៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2A.2558 បើកបរដោយឈ្មោះ ប្រាក់ តុលា អាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។រថយន្តបើកបរស្របទិសគ្នាពីកើតទៅលិច លុះមកដល់ចំណុច​កើតហេតុ​ក៏បានបុកម៉ូតូម៉ាកCLICKពាក់ផ្លាកលេខភ្នំពេញ 1IA.4849 ពីក្រោយពេញទំហឹង។ចំណែកភាគីម៉ូតូកូនសិស្សជិះឌុបគ្នា៣នាក់បើកបរដោយឈ្មោះលី វុត្ថា អាយុ ១២ឆ្នាំ រស់នៅ ភូមិព្រៃខ្លា ឃុំ ព្រះនិពា្វន ស្រុកគងពិសីរងបួសធ្ងន់។ អ្នករួមដំណើរតាមម៉ូតូទី១.ឈ្មោះ សុខ ពន្លឺ អាយុ ១២ ឆ្នាំ រស់នៅ ភូមិ ត្ររនាប ឃុំអង្គពពេល ស្រុកគងពិសី រងរបួសធ្ងន់បាក់ជើងខាងឆ្វេងជាកូនសិស្ស។ទី២.ឈ្មោះ រិទ្ធិ សុវណ្ណរាជ អាយុ ១៣ ឆ្នាំ នៅភូមិព្រៃខ្លា ឃុំ ព្រះនិពា្វន ស្រុក គងពិសី ស្លាប់នៅនឹងកន្លែងកើតហេតុ។


ក្រោយកើតហេតុ មន្ត្រីជំនាញបានហៅឪពុកម្តាយក្មេងរងរបួសធ្ងន់ឲ្យដឹកយកកូនៗ ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​រាជធានីភ្នំពេញ។ចំណែកសពក្មេងរងគ្រោះប្រគល់ជូនឪពុកម្ដាយយកទៅធ្វើបុណ្យ។វត្ថុតាងរថយន្តនិងម៉ូតូ​រួមទាំងអ្នកបើកបររថយន្ត សមត្ថកិច្ចឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកកងពិសីខេត្តកំពង់ស្ពឺដើម្បី កសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕