ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត

ដោយ៖ ឆាយ ផាន់នី

សៀមរាប៖ ក្រុមការងារបច្ចេកទេសជួសជុលនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា កំពុងជួសជុលពង្រឹង​ខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ក្នុងបំណងជួយលើកតម្លៃសំណង់បុរាណនេះ ឱ្យប្រសើរឡើងវិញ។

                                                         (រូបភាព៖ ហាប់ គឹមអាន/ លោកស្រី ភិន វិជ្ជាសច្ចរ៉ា)

បុរាណវិទូលោកស្រី ភិន វិជ្ជាសច្ចរ៉ា ឱ្យដឹងថា៖ ការជួសជុលនេះ ក្នុងបំណងដើម្បីពង្រឹងខឿនជណ្ដើរ​ឱ្យរឹងមាំឡើងវិញ ដោយសារតែស្ថានភាពកម្រាលថ្មភក់ខឿនជណ្តើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តនេះ មានការហែកញែកចេញពីគ្នា សសរទ្រេត ថ្មខ្លះបានធ្លាក់ចុះ និងខ្លះទៀតក៏បម្រុងនឹងធ្លាក់ ហើយក្រុមការងារនឹងរៀបចំរុញថ្មទាំងនោះឱ្យទៅចូលទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត។

                                                        (រូបភាព៖ ហាប់ គឹមអាន/ លោកស្រី ភិន វិជ្ជាសច្ចរ៉ា)

លោកស្រី វិជ្ជាសច្ចរ៉ា មានប្រសាសន៍ទៀតថា៖ កត្តាដែលបណ្ដាលឱ្យខឿនជណ្ដើរនេះរងការខូចខាត គឺដោយសារអាយុកាល និងធម្មជាតិដែលធ្វើឱ្យរលុះរចនាសម្ពន្ធគ្រឹះខូចរូបរាង។ ក្រុមការងារ​បានចាប់ផ្ដើមកិច្ចការដំបូង គឺសិក្សាទៅលើសម្រង់ប្លង់ ចុះបញ្ជីលេខ ស្វែងរកថ្ម ការផ្គុំថ្ម ថាតើថ្មចេញពី​ប្រភពណា? បន្ទាប់ពីផ្គុំចេញរូបរាងរួចហើយ ទើបក្រុមការងារសិក្សាទៅលើគ្រឹះ ថាតើគួរជុសជុស ឬគួររើ គួរពង្រឹងដើម្បីយកទៅដាក់កន្លែងដើមវិញឬក៏យ៉ាងណា? ក្រៅពីនេះក្រុមការងារបានធ្វើការ​ទល់ទ្រដំបូលកណ្ដាលកុំឱ្យរលុះធ្លាក់ថែមទៀតផង៕

                                           (រូបភាព៖ ហាប់ គឹមអាន/ លោកស្រី ភិន វិជ្ជាសច្ចរ៉ា)