ព័ត៌មានជាតិ

សិស្សជិត១ពាន់នាក់នៅស្រុកកូនមុំមិនបានទៅរៀន

ដោយ៖សុខុម
រតនគិរី៖ សិស្សសាលាបឋមសិក្សាចំនួន៨០៩នាក់នៅក្នុងស្រុកកូនមុំនៃខេត្តរតនគិរី មិនបានទៅចូលរៀនដូចរាល់ថ្ងៃទេនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។


លោកខាត់ សាម៉ាល់ ប្រធានមន្ទីរអប់ខេត្តរតនគិរីបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា សិស្សសាលាដែល​ខកខានមិនបានទៅរៀនថ្ងៃនេះគឺមានចំនួន៨០៩នាក់ ក្នុងនោះសិស្សស្រីចំនួន៦៨នាក់ គឺដោយសារពួកគេ​មានទីលំនៅជាប់នឹងមាត់ទន្លេស្រែកពកនិងជិតដងអូរ។នៅពេលនេះទឹកទន្លេស្រែពក​បានវាយលុកលិចផ្លូវមួយចំនួនហើយ។


លោកខាត់ សាម៉ាល់បានបន្ដថា៖សិស្សទាំងនោះរៀននៅសាលាផ្សេងៗពីគ្នាគឺសាលាបឋមសិក្សាស្រែពកតូច សាលាបឋមស្រែពកធំ សាលាបឋមសិក្សានាងដី សាលាបឋមសិក្សាច្របព្រីង ស្ថិតនៅក្នុងឃុំសិរីមង្គល​និងសាលាបឋមសិក្សាភូមិ២ ស្ថិតនៅក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។
លោកសេក ហៃ អភិបាលស្រុកកូនមុំបានប្រាប់ឲ្យដឹងដែរនៅព្រឹកថ្ងៃទី២ខែសីហាថា​ទឹកទន្លេស្រែពក​បានហក់ឡើងលិចផ្លូវនិងលិចស្រែចម្ការរបស់កសិករមួយចំនួនហើយ​តែមិនទាន់លិចចូលដល់ភូមិរបស់​ពលរដ្ឋទេ​ ប៉ុន្តែវាបានលិចផ្លូវខ្លះហើយ។


លោកអភិបាលស្រុកបានបញ្ជាក់ថា៖ មេឃកំពុងបន្ដធ្លាក់ភ្លៀងធ្វើឲ្យទឹកទន្លេស្រែពកឡើងដល់​កម្ពស់១១ម៉ែត្រ​ហើយចំណុចដែលត្រូវប្រកាសអាសន្ននោះគឺកម្ពស់១២,៥០ម៉ែត្រ។ លោកបានចុះណែនាំប្រជាពលរដ្ឋ​ដែលរស់នៅតាមមាត់ទន្លេស្រែពកឲ្យមានការប្រុងប្រយ័ត្នមើលថែកូនតូចៗកុំឲ្យចុះលេងទឹកនិងត្រៀមជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពដោយចាត់ឲ្យមន្ត្រីចុះចល័តមើលជាប្រចាំ៕