សន្ដិសុខសង្គម

សមត្ថកិច្ចខេត្តកំពតបង្ហាញសាកសពដែលរកឃើញក្រោយបាត់ខ្លួនជាច្រើនថ្ងៃនៅជ្រោះឪម៉ាល់

ដោយ៖រតនា

ភ្នំពេញ៖ សមត្ថកិច្ចខេត្តកំពងបានបង្ហាញពីសាកសពអ្នកទេសចរក្នុងស្រុកម្នាក់ដែលបាត់ខ្លួនអស់ជាច្រើនថ្ងៃនៅជ្រោះឪម៉ាល់ដែលទើបតែនឹងរកឃើញនៅថ្ងៃនេះ។

សមត្ថកិច្ចបានឲ្យដឹងថា ការរុករកឃើញនេះគឺនៅវេលាម៉ោង១២និង១៥នាទីថ្ងៃទី២ ខែសីហា​ឆ្នាំ២០២៣ នៅចំណុចរណ្តៅទឹកជ្រៅមួយកន្លែងដោយដីបានកប់បាត់មួយកំណាត់ខាងលើនៅសល់ត្រឹមចង្កេះបះជើងឡើងលើ។

សាកសពត្រូវបានគេរកឃើញស្ថិតនៅចម្ងាយប្រហែលជា៣០០ម៉ែត្រពីកន្លែងដែលបាត់ខ្លួនពោលគឺកន្លែងដែលបោះតង់ លំហែកាយនៅជ្រោះភ្នំឪម៉ាល់ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

អ្នកស្លាប់ដែលរកឃើញជាចុងក្រោយគេបំផុតនេះមានឈ្មោះ ផន ស្រីខួច អាយុ១៩ឆ្នាំ រស់នៅ ភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។នាងបានទៅបោះតង់ជាមួយមិត្តភក្កិនៅជ្រោះឪម៉ាល់នេះតាំងពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។

សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី២ សីហា ដែលត្រូវជាថ្ងៃទីទី៤ដែលអ្នករុករកបានប្រទះឃើញសាកសពនេះគឺមានកម្លាំងរុករកដល់ទៅជាង២០០នាក់ឯណោះ។ក្នុងនោះមានកម្លាំងនគរបាល, កងរាជអាវុធហត្ថ កម្លាំងយោធា កម្លាំងប្រជាការពារ និងកម្លាំងផ្សេងៗទៀត។

ក្រោយពីប្រទះឃើញសាកសពត្រូវបានគេធ្វើកោសល្យវិច័យយ៉ាងល្អិតល្អន់ដើម្បីរៀបចំដឹកបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅស្រុកកំណើត៕