ព័ត៌មានជាតិ

ទឹកទន្លេមេគង្គហក់ឡើងកម្ពស់ជាងមួយម៉ែត្រហូរចូលព្រែកចំនួន11កន្លែង

ដោយ៖គង់ហេង
កំពង់ចាម៖ ទឹកទន្លេមេគង្គនៅខេត្តកំពង់ចាម បានហក់ឡើងដល់ ១០,៣០ ម៉ែត្រនៅរសៀលថ្ងៃទី២សីហានេះ បើប្រៀបធៀបនឹងកម្ពស់ទឹកទន្លេកាលពីព្រឹកមិញទឹកឡើងកម្ពស់ ១,៣៤ ម៉ែត្រ គឺបណ្តាលឱ្យហូរចូលព្រែកចំនួន ១១ កន្លែងក្នុងចំណោមព្រែកសរុបចំនួន ៤១ កន្លែង។


លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី ២ សីហានេះថា៖ នៅព្រឹកថ្ងៃទី ២ សីហា ទឹកទន្លេមេគង្គមានកម្ពស់ ៩,៨៨ ម៉ែត្របណ្តាលឱ្យទឹកនេះហូរចូលព្រែកចំនួន ១១ កន្លែង នៅក្នុងស្រុកចំនួន បីៈ ស្រុកស្ទឹងត្រង់ចំនួន បី កន្លែង ក្នុងចំណោមព្រែកចំនួន ប្រាំ កន្លែង,ស្រុកកំពង់សៀមចំនួន ពីរ កន្លែងក្នុងចំណោមព្រែកចំនួន ១១ កន្លែង និងស្រុកកងមាសចំនួន ប្រាំមួយ កន្លែង ក្នុងចំណោមព្រែកចំនួន ១៣ កន្លែង។


លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបន្តថា៖ ប៉ុន្តែនៅម៉ោង ៤រសៀលថ្ងៃទី ២ សីហាដដែលនេះកម្ពស់ទឹកទន្លេមេគង្គមានកម្ពស់ ១០.៣០ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកទន្លេនេះកាលពីព្រឹកមិញទឹកឡើង ១,៣៤ ម៉ែត្រ។


លោក វ៉ែន នាង មេឃុំកោះមិត្តបានឱ្យដឹងថា៖ ការហក់ឡើងទឹកទន្លេមេគង្គជាង មួយ ម៉ែត្រនេះ បណ្តាលឱ្យប៉ះពាល់ដល់ដំណាំពោតប្រមាណ ១០០ ហិកតា ក្នុងចំណោមដំណាំនេះសរុបប្រហែល៣០០ ហិកតា ដែលមានចំនួន ៨០ភាគរយជាពោតក្រហម ពិសេសបើទឹកទន្លេមេគង្គនៅតែបន្តហក់ឡើងខ្លាំងដូចថ្ងៃនេះទៀត គឺនឹងប៉ះពាល់ដល់ពី ៣០ ទៅ ៤០ ភាគរយបន្ថែមទៀត៕