សន្ដិសុខសង្គម

ជោគវាសនាអ្នកបាត់ខ្លួននៅជ្រោះឪម៉ាល់ដល់ថ្ងៃទី៤ហើយនៅតែមិនទាន់មានពន្លឺ

ដោយ៖រតនា
ប្រតិបត្តិការរុករកអ្នកទេសចរក្នុងស្រុកម្នាក់ដែលបានបាត់ខ្លួនពេលទៅបោះតង់លំហែកាយនៅជ្រោះឪម៉ាល់មកដល់ពេលនេះគឺបានឈានចូលដល់ថ្ងៃទី៤ទៅហើយតែនៅមិនទាន់បានរកឃើញអ្នកបាត់ខ្លួននៅឡើយទេ។


សមត្ថកិច្ចខេត្តកំពតនឹងបង្កើនកម្លាំងបន្ថែមដើម្បីស្វែងរកជាបន្តទៅទៀត បើទោះជាប៉ុន្មានថ្ងៃចុងក្រោយនេះ​អាកាសធាតុមិនល្អ មានភ្លៀងធ្លាក់នៅតាមតំបន់ជួរភ្នំបូកគោនិងជ្រោះដែលប្រតិបត្តិការរុករកកំពុងតែធ្វើឡើង​យ៉ាងយកចិត្តទុកដាក់។ចំណែកឯក្រុមគ្រួសារសាច់ញាតនិងមិត្តភក្តិរបស់អ្នកដែលកំពុងបាត់ខ្លួនឯណោះវិញ គឺកំពុងតែនាំគ្នាបន់ស្រន់ឲ្យរកឃើញ។ដ្បិតអីការបាត់ខ្លួននេះបើគិតចាប់ពីម៉ោងជាង៤រំលងអធ្រាត្រ​ឈានចូលព្រឹកថ្ងៃទី៣០ខែកក្កដា មកដល់ថ្ងៃទី៤ ខែសីហានេះ គឺមានរយៈពេល៤ថ្ងៃទៅហើយ។


សូមរំលឹកថា កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ មានអ្នកទេសចរក្នុងស្រុកចំនួន២ក្រុមនៅ​រាជធានីភ្នំពេញ​និងខេត្តតាកែវសរុប៤៣នាក់បាននាំគ្នាទៅបោះតង់ស្នាក់នៅតំបន់ជ្រោះឪម៉ាល់ដែលជាតំបន់​ទេសចរណ៍ថ្មីស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។


លុះដល់ម៉ោង​ជាង​៤ទៀបភ្លឺ អាកាសធាតុមិនល្អមានព្យុះភ្លៀងធ្លាក់ខ្លាំងនៅតំបន់នោះ ជំនន់ទឹកភ្លៀង​វាក៏បានហូរចាក់ពីលើជើងភ្នំបូកគោធ្លាក់ចំតង់ចំនួន២ដែលគេជឿថា មានមនុស្សចំនួន៤នាក់​(ប្រុស២នាក់​និងស្រី២នាក់)បណ្តាលឲ្យបាត់ខ្លួនទៅជាមួយនឹងកម្លាំងទឹកហូរធ្លាក់ពីជើងភ្នំទាំងយប់ងងឹតសូន្យសុង។
រហូតដល់ល្ងាចថ្ងៃទី៣០ ខែកក្កដា កម្លាំងសមត្ថកិច្ចបានរកឃើញសពនារីម្នាក់ និងយុវជនរងរបួស២នាក់ ខណ:ដែលនារីម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។ ចំពោះនារីដែលបានស្លាប់ឈ្មោះ កែន ស្រីរត្ន័ អាយុ ១៩ឆ្នាំ។ រីឯអ្នករងរបួសទី ១. ឈ្មោះ សុង ទីមធន ភេទប្រុស អាយុ ២៣ឆ្នាំ និងទី២. ឈ្មោះសីហា ភេទប្រុស អាយុ២២ឆ្នាំ។ រីឯនារីដែលកំពុងតែបាត់ខ្លួនឈ្មោះ ផន ស្រីខួច អាយុ ១៩ឆ្នាំ។ ពួកគេទាំង៤នាក់មានទីលំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

ឥឡូវនេះឈានចូលមកដល់ថ្ងៃទី៤ទៅហើយ​ សេចក្តីសង្ឃឹមហាក់កាន់តែរសាត់បាត់ទៅ ពោលគឺនាងដែលកំពុង​បាត់ខ្លួននោះនៅមិនទាន់បានរកឃើញនៅឡើយនោះទេ៕