សន្ដិសុខសង្គម

ឃើញពូនិងក្មួយស្លាប់ក្នុងអណ្ដូងទឹកជម្រៅជាង៦ម៉ែត្រ

ដោយ៖សុខុម
ព្រៃវែង៖ បុរស២នាក់ត្រូវជាពូនិងក្មួយត្រូវគេប្រទះឃើញស្លាប់នៅក្នុងអណ្តូងទឹកមួយកណ្តាលវាលស្រែ​កាលពីល្ងាចថ្ងៃទី១​ខែសីហា ឆ្នាំ២០២៣ នៅចំណុចវាលស្រែខាងលិចភូមិស្គាក្តី ចម្ងាយ ប្រហែលជិត​២គីឡូម៉ែត្រពីផ្ទះអ្នកភូមិ ស្ថិតក្នុងភូមិស្គាក្តី ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។


សមត្ថកិច្ចបានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ បុរសទាំងពីរនាក់បានស៊ីឈ្នួលជីកអណ្ដូងទឹកឱ្យគេ ដើម្បីបូមទឹកដាក់ស្រែ តាំងពីរសៀលរហូតដល់យប់មិនឃើញមកផ្ទះ។ពេលបាត់យូរ អ្នកផ្ទះមកតាមរក ស្រាប់តែឃើញដេកស្លាប់ក្នុងអណ្ដូងទឹកទាំង២នាក់បាត់ទៅហើយ។


ក្រោយពីមានហេតុការណ៍នេះកើតឡើង កម្លាំងនគរបាលស្រុកស៊ីធរកណ្ដាល ចុះអន្តរាគមន៍ធ្វើកោសល្យវិច័យ​ពិនិត្យនៅលើដងខ្លួនសព។


សពទី១ឈ្មោះ ជ្រឿន ដេន អាយុ ៤៣ឆ្នាំ ត្រូវជាក្មួយ​និងទី២ ឈ្មោះ ធន់ សារ៉េន អាយុ ៥៤ឆ្នាំ ។អ្នកទាំង ២ មានទីលំនៅ នៅភូមិ-ឃុំកើតហេតុខាងលើ ។


សមត្ថកិច្ចបានបញ្ជាក់ថា៖ នៅជុំវិញកន្លែងកើតហេតុមានអណ្ដូងទឹក ១ រាងរង្វង់ សម្រាប់បូមទឹកដាក់ស្រែ ទំហំមុខកាត់ (អង្កត់ផ្ចិត) ១,២ ម៉ែត្រ និងមានជម្រៅ ៦,៥ ម៉ែត្រ រួមនិងម៉ាស៊ីនបូមទឹកចំនួន១គ្រឿង​នៅមាត់អណ្តូង ។


ក្រោយពីពិនិត្យសព មន្រ្តីជំនាញសង្ស័យថា ករណីនេះអាចបណ្តាលមកពីខ្វះខ្យល់អុកស៊ីសែន​ទើបធ្វើឱ្យពីរនាក់ពូក្មួយស្លាប់៕