ព័ត៌មានជាតិ

ខេត្តមណ្ឌលគិរី៖សម្រេចឈូសផ្លូវវាងថ្មីនៅចំណុចដាច់ផ្លូវជាតិលេខ៧៦A ដើម្បីសម្រួលការធ្វើដំណើរ

ដោយ៖សុខុម
មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរីបានចាប់ផ្តើមឈួសឆាយផ្លូវវាងថ្មី ដើម្បីសម្រួលដល់ការធ្វើដំណើរ​ជាបណ្តោះអាសន្ននៅកន្លែងដាច់ផ្លូវជាតិលេខ៧៦A តភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះមកខេត្តមណ្ឌលគិរី។
កំណាត់ផ្លូវមួយខ្សែនេះបានរងការបាក់ស្រុតអស់ជាច្រើនម៉ែត្រដែលបង្កឡើងដោយទឹកភ្លៀងកាលពីយប់់ថ្ងៃទី១ខែសីហាឆ្នាំ២០២៣។


ក្រោយពីកំណាត់ផ្លូវមួយនេះបាត់បង់ អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច ផ្អាកការធ្វើដំណើរទាំងស្រុង ទាំងម៉ូតូ និងរថយន្តមិនឱ្យធ្វើដំណើរតាមផ្លូវពីស្រុកស្នួលខេត្តក្រចេះទៅខេត្តមណ្ឌលគិរីតាមផ្លូវជាតិលេខ៧៦Aតទៅទៀតទេ។ ប៉ុន្តែអ្នកដំណើរចង់ទៅខេត្តមណ្ឌលគិរីបានគឺត្រូវទៅតាមខេត្តក្រចេះ ខេត្តស្ទឹងត្រែងនិងខេត្តរតនគិរីបាន។

កំណាត់ផ្លូវបាក់ស្រុតដីចូលជ្រោះខាងលើនេះគឺនៅត្រង់ចំណុចអូរងើយ ភូមិសាស្ត្រ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រ៩៩។


លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានឱ្យអ្នកសារព័ត៌មានដឹងនៅព្រឹកថ្ងៃទី២ ខែសីហាថា កំណាត់ផ្លូវជាតិលេខ៧៦A ត្រូវបានផ្អាកទាំងស្រុងតាំងពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១ សីហា នៅមុនពេលបាក់ស្រុត នៅលើដងផ្លូវត្រង់ចំណុចចេញស្នាមប្រេះ។


លោក រស់ គីមធន បញ្ជាក់ទៀតថា៖ គិតរហូតមកដល់ពេលនេះ ជំនាញពាក់ព័ន្ធបានសហការគ្នា យកគ្រឿងចក្រទៅឈូសឆាយកសាងផ្លូវវាងថ្មី នៅចំណុចដែលបាក់ស្រុត ដើម្បីជួយសម្រួលដល់ការធ្វើ​ចរាចរណ៍ប្រើប្រាស់ជាបណ្ដោះអាសន្នសិន៕