សន្ដិសុខសង្គម

អាជ្ញាធរខេត្តកំពតបន្ថែមកម្លាំងបន្តស្វែងរកនារីដែលបាត់ខ្លួននៅជ្រោះឪម៉ាល់

ដោយ៖កំចាយ

កំពត៖អាជ្ញាធរខេត្តកំពតបានបន្ថែមកម្លាំងបន្តតាមរកនារីម្នាក់ដែលត្រូវបានសន្និដ្ឋានថាស្លាប់ក្រោយបាត់ខ្លួនជាមួយមិត្តភក្តិដោយសារកម្លាំងទឹកបោកកួចចូលជ្រោះឪម៉ាល់នោះ។ រហូតមកដល់ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ សាកសពមិនទាន់បានប្រទះឃើញនៅឡើយដោយសមត្ថកិច្ចបញ្ជាក់ថានឹងមិនបោះបង់​ការស្វែងរកនេះទេ។

លោក សូ ប៊ុនធឿន អធិការស្រុកទឹកឈូបានប្រាប់ឱ្យដឹងថា៖ ពេញមួយថ្ងៃទី៣១ ខែកក្កដានេះ កម្លាំងចម្រុះជាង១០០នាក់ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបន្តតាមរកនារីដែលបាត់ខ្លួន និងត្រូវបានសន្និដ្ឋានថាស្លាប់ដោយសារកម្លាំងទឹកបោកកួចជាមួយមិត្តភក្តិកាលពីវេលាទៀបភ្លឺថ្ងៃម្សិលមិញ។ ប៉ុន្តែ រហូតមកដល់ម៉ោង៦ល្ងាចថ្ងៃដដែលនេះ សមត្ថកិច្ចមិនទាន់ប្រទះឃើញនៅឡើយ។ ការស្វែងរកនឹងមិនបញ្ចប់ប្រសិនបើមិនបានលទ្ធផលនោះ។

សូមរម្លឹកថា កាលពីវេលាទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា មានយុវជន២នាក់ និងនារី២នាក់ដេកក្នុងតង់ចំនួន២​ត្រូវកម្លាំងទឹកធ្លាក់ពីជើងភ្នំបូកគោបោកកួចចូលជ្រោះឪម៉ាល់នៃភូមិសាស្ត្រឃុំមាក់ប្រាង ស្រុកទឹកឈូ។ ទាំង៤នាក់ជាភ្ញៀវឡើងទៅកម្សាន្តលក្ខណ:បោះតង់ចាប់ពីរសៀលថ្ងៃទី២៩ ខែកក្កដាដែលមាន​មនុស្សប្រុសស្រីសរុប៤៣នាក់។ សមត្ថកិច្ចបានរកឃើញតែយុវជន២នាក់នៅរស់រានមានជីវិត និងនារីម្នាក់បានស្លាប់ដោយរកឃើញសពក្នុងព្រឹកថ្ងៃដដែលនៅមិនឆ្ងាយប៉ុន្មានពីចំណុចកើតហេតុនោះ។ នារីដែលបានស្លាប់ឈ្មោះ កែន ស្រីរ័ត្ន អាយុ ១៩ឆ្នាំ។ ចំណែកយុវជនទាំង២នាក់ រួមមាន ១. ឈ្មោះ សុង ទីមធន អាយុ ២៣ឆ្នាំ និង២. ឈ្មោះសីហា  អាយុ ២២ឆ្នាំ។ រីឯនារីដែលកំពុងបាត់ខ្លួនឈ្មោះ ផន ស្រីខួច អាយុ ១៩ឆ្នាំ។ ទាំង៤នាក់មានទីលំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ៕

រូបថត(ភ្នំពេញប់ុស្តិ៍)