សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងបន្តរកអ្នកទេសចរក្នុងស្រុកម្នាក់ទៀតដែលបាត់ខ្លួនពេលទៅបោះតង់នៅជ្រោះឪម៉ាល់

ដោយ៖កំចាយ
កំពត៖ គិតមកដល់ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅមានអ្នកទេសចរក្នុងស្រុកម្នាក់ទៀតដែលបានទៅ បោះតង់នៅលំហែនៅជ្រោះភ្នំឪម៉ាល់នោះមិនទាន់បានរកឃើញនៅឡើយទេ។អាជ្ញាធរមានសមត្ថកិច្ចកំពុង​ចេញ​ប្រតិបត្តិការស្វែងរកជាបន្តទៅទៀត។


សូមបញ្ជាក់ថា៖ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ មានអ្នកទេសចរក្នុងស្រុកចំនួន២ក្រុម​នៅរាជធានីភ្នំពេញនិងខេត្តតាកែវសរុប៤៣នាក់​បាននាំគ្នាទៅបោះតង់ស្នាក់នៅតំបន់ជ្រោះឪម៉ាល់​ដែលជាតំបន់ទេសចរណ៍ថ្មីស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងថា លុះដល់ម៉ោងជាង៤ទៀបភ្លឺ អាកាសធាតុមិនល្អ​មានព្យុះភ្លៀងធ្លាក់ខ្លាំងនៅតំបន់នោះ ជំនន់ទឹកភ្លៀងវាក៏បានហូរចាក់ពីជើងភ្នំបូកគោធ្លាក់ចំតង់ចំនួន២ដែលមានមនុស្សចំនួន៤នាក់(ប្រុស២នាក់និងស្រី២នាក់)បណ្តាលឲ្យបាត់ខ្លួនទៅជាមួយនឹងកម្លាំងទឹក។


លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានប្រាប់ឱ្យដឹងថា៖ ដល់ល្ងាចថ្ងៃទី៣០ ខែកក្កដា កម្លាំងសមត្ថកិច្ចបានរកឃើញសពនារីម្នាក់ និងយុវជនរងរបួស២នាក់ ខណ:ដែលនារីម្នាក់ទៀត​កំពុងបាត់ខ្លួន​នៅឡើយ។ ដោយសារស្ថានភាពមិនអំណោយផល សមត្ថកិច្ចបានផ្អាកការស្វែងរកជាបណ្តោះ​អាសន្ន​នៅល្ងាចថ្ងៃទី៣០ ដោយបន្តធ្វើការងារនេះនៅថ្ងៃទី៣១ ខែកក្កដាទៀត។


លោកស្នងការបានបញ្ជាក់ថា៖ នារីដែលបានស្លាប់ឈ្មោះ កែន ស្រីរត្ន័ អាយុ ១៩ឆ្នាំ។ ចំណែកអ្នករងរបួស រួមមាន ១. ឈ្មោះ សុង ទីមធន ភេទប្រុស អាយុ ២៣ឆ្នាំ និង២. ឈ្មោះសីហា ភេទប្រុស អាយុ២២ឆ្នាំ។ រីឯនារីដែលកំពុងបាត់ខ្លួនឈ្មោះ ផន ស្រីខួច អាយុ ១៩ឆ្នាំ។ ទាំង៤នាក់មានទីលំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ៕

                                     (រូបជិះម៉ូតូ)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត