សន្ដិសុខសង្គម

ទឹកទន្លេមេគង្គនឹងហក់ឡើងខ្ពស់ក្នុងរយៈពេលពី៣ទៅ៤ថ្ងៃខាងមុខ

ដោយ៖រតនា

ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងថា ទឹកទន្លេមេគង្គនឹងហក់ឡើងខ្ពស់ក្នុងរយៈពេលពី៣ទៅ៤ថ្ងៃខាងមុខនេះ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា។

ក្រសួងធនធានទឹកបានឲ្យដឹងថា នៅក្នុងនោះមានខេត្តស្ទឹងត្រែងទឹកនឹងអាចឡើងដល់កម្ពស់៧,៦៥ម៉ែត្រ,ខេត្តក្រចេះទឹកនឹងអាចឡើងដល់កម្ពស់១៦,៧០ម៉ែត្រនិងខេត្តកំពង់ចាមទឹកនឹងអាចឡើងដល់កម្ពស់៩,៩០ម៉ែត្រ។

មូលហេតុគឺដោយសារស្ថានភាពអាកាសធាតុដែលបាននឹងកំពុងមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប(ITCZ)បណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ និងកម្ពុជាមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេងមេគង្គ។

សេចក្តីជូនដំណឹងបានបន្ថែមថា ប៉ុន្តែទឹកទន្លេដែលហក់ឡើងនៅពេលនេះនៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាលិចតំបន់ទំនាបមួយចំនួនអមដងទន្លេងនិងហូរចូលទៅតាមព្រែកមួយចំនួន។ដូច្នេះសូមប្រជាពលរដ្ឋជ្រាបជាព័ត៌មាននិងសូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕