ព័ត៌មានជាតិ

កម្ពស់ទឹកនៅកំណាត់ផ្លូវជាតិលេខ៤បានស្រកចុះបន្តិច តែការធ្វើចរាចរណ៍គឺនៅបិទដដែល

ដោយ៖រតនា
ព្រះសីហនុ៖ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ គិតត្រឹមម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ គឺបានស្រកចុះបន្តិច(ទាបជាងផ្លូវជាតិ៤តឹក) តែការធ្វើចរាចរណ៍គឺនៅបិទបន្តទៀត។


គួររំលឹកផងដែរថា កាលពីថ្ងៃទី៣០   ខែកក្កដាឆ្នាំ ២០២៣ ទឹកនៅចំណុចស្ពានគ្រប់ទីកន្លែងដែលស្ថិតនៅស្រុកកំពង់សិលានេះមានកម្ពស់កើនឡើងរហូត ៨ តឹកលើផ្លូវជាតិ។ ទឹកបានហូរកាត់តាមបណ្តោយផ្លូវជាតិប្រហែល ៥៥០ម៉ែត្រ រីឯអាកាសធាតុមេឃ​កំពុងធ្លាក់ភ្លៀងស្រិចៗ។ចំពោះចរាចរណ៍តាមផ្លូវជាតិ​លេខ៤ នៅចំណុចស្ពានស្ទឹងសំរោង បានបិទទាំងរថយន្តតូច ធំ ផ្អាកធ្វើដំណើរទៅមកជាបណ្តោះអាសន្ន។


សូមបញ្ជាក់ថា ការជន់លិចដោយជំនន់ទឹកភ្លៀងលិចលើផ្លូវជាតិខាងលើនេះ ពុំបណ្តាលឲ្យមានផល​ប៉ះពាល់ខូចខាតដល់សម្ភាររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះទេ និងនៅពុំមានគ្រោះថ្នាក់ដល់ជីវិត​មនុស្សឡើយ។


ចំពោះមុខក្រុមបញ្ជាការដ្ឋានការពារកោះឆ្នេរ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទូច លីន បានយកអូប័រមកចំនួន ០៦ គ្រឿង ដើម្បីជួយសម្រួលក្នុងការចម្លងអ្នកដំណើទៅមក ។ជាមួយនោះក៏មាន​ការចូលរួម​ពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងកម្លាំងអធិការដ្ឋាននគរបាលស្រុក​កំពង់សិលា បានសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពស្រុកកំពង់សីលា ដឹកនាំដោយ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា បានចុះគោលដៅជួយសម្រួលដល់សណ្តាប់ធ្នាប់ចរាចរណ៍ និងប្រចាំការ​តាមដានសភាពការណ៍ផងដែរ៕