ព័ត៌មានជាតិ

អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសបិទកំណាត់ផ្លូវជាតិលេខ៤ ទាំងស្រុងនៅព្រឹកនេះ ដោយសារជំនន់ទឹកភ្លៀង

ដោយ៖សហការី

ស្រុកកំពង់សីលា៖ អាជ្ញាធរខេត្តព្រះសីហនុ រួមទាំងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ កំពុងឈរការពារសុវត្ថិភាពពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ និងបានបិទផ្តាច់ចរាចរណ៍ឆ្លងកាត់ទាំងស្រុង។

សមត្ថកិច្ចបានបញ្ជាក់ថា៖ ការបិទចរាចរណ៍ទាំងស្រុងនេះមាន២គោលដៅលើកំណាត់ផ្លូវជាតិលេខ៤ ។ចំណុចទី១ (ស្ពានគគីរ គីឡូម៉ែត្រលេខ១០៦-១០៧) និងចំណុចទី២ (ស្ពានស្ទឹងសំរោង គីឡូម៉ែត្រ ១១៦-១១៧) ស្ថិតនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ព្រំប្រទល់គ្នា និងខេត្តកំពង់ស្ពឺ (ពេជ្រនិល)។

ជាមួយគ្នានេះអាជ្ញាធរក៏បានផ្តល់ព័ត៌មានទៅដល់បងប្អូនប្រជាពលរដ្ឋផងដែរថា ប្រសិនបើរពុំមានការចាំបាច់ សូមកុំធ្វើដំណើរតាមផ្លូវជាតិលេខ៤ មកដល់ចំណុចនេះកំពុងបិទចរាចរណ៍ហើយ ហើយបងប្អូនប្រជាពលរដ្ឋអាចរកផ្លូវវៀងបាន អាចថាធ្វើដំណើរតាមផ្លូវល្បឿនលឿនបណ្តោះអាសន្នសិន ក៏បាន។

យ៉ាងណាមិញអាជ្ញាធរនៅតែបន្តអំពាវនាវសូមមាតាបិតាគ្រប់រូបមើលថែការពារសុវត្ថិភាពកូនៗឲ្យបានល្អ ចៀសវាងមានគ្រោះថ្នាក់ដោយចៃដន្យ ឬមានសត្វអសិរ្ពិសខាំដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕