សន្ដិសុខសង្គម

រន្ទះបាញ់ស្លាប់ម្នាក់និងរងរបួស២នាក់ពេលជ្រកក្នុងខ្ទមស្រែ

ដោយ៖សុខុម
ក្រចេះ៖ មនុស្សម្នាក់បានស្លាប់និង២នាក់កំពុងជួយសង្រ្គោះក្នុងហេតុការណ៍រន្ទះបាញ់ នៅចំណុចខ្ទមស្រែគីឡូ៦ ភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះកាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។


មន្ត្រីនគរបាលស្រុកឆ្លូងបានឲ្យដឹងថា៖ មុនពេលកើតហេតុពួកជនរងគ្រោះចំនួន៣នាក់នាំគ្នាទៅឃ្វាលគោ។លុះពេលមានខ្យល់ភ្លៀងផ្គរអ្នកទាំងបីក៏នាំគ្នាជ្រកក្នុងខ្ទមស្រែ ចៃដន្យរន្ទះបាញ់ពួកគេទាំងបីនាក់បណ្តាលឱ្យ ឈ្មោះ អោម ណារេន ភេទប្រុស អាយុ២៧ឆ្នាំស្លាប់។រីឯជនរងគ្រោះទី១ឈ្មោះ អៀង បូរិន ភេទប្រុស អាយុ៣៨ឆ្នាំ រងរបួសធ្ងន់។ជនរងគ្រោះទី២ឈ្មោះភួង ចន្ទ័មុនី ភេទប្រុស អាយុ៣៤ឆ្នាំ រងរបួសស្រាល។ពួកគេទាំងបីនាក់មានទីលំនៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

អ្នករងរបួសទាំង២នាក់ត្រូវបានក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទបង្អែកស្រុកឆ្លូង។ដោយឡែក សាកសពជនរងគ្រោះ នគរបាលស្រុកឆ្លូងបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕