សន្ដិសុខសង្គម

ករណីឆេះភោជនីយដ្ឋានពន្លឺថ្មីនៅខេត្តរតនគិរីគឺផ្តើមពីការលួចដុត

ដោយ៖សុខុម

រតនគិរី: ភោជនីយដ្ឋានពន្លឺថ្មី ដែលមានតម្លៃរាប់ម៉ឺនដុល្លារបានឆេះខ្ទេចកាលពីទៀបភ្លឺថ្ងៃទី២៧កក្កដា នោះ មកដល់រសៀលថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ទៅសាកសួរ ដើមហេតុផ្តើមចេញពីការលួចដុតបង្កឱ្យមានការភ្ញាក់ផ្អើល។

សមត្ថកិច្ចបានឱ្យដឹងថា៖ ជនសង្ស័យដែលនគរបាលឃាត់ខ្លួនឈ្មោះនួន លីហេង ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនច្បាស់លាស់ នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ហើយត្រូវជាចៅរបស់ថៅកែហាងខាងលើទៀតផង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានដុតភោជនីយដ្ឋានពន្លឺថ្មីមែន គឺដោយសារខឹងនិងឈ្មោះងួន ចាន់ទ្រី ដែលត្រូវជាតាបានកាត់កាលខ្លួនចោល។

លោកងួន ចាន់ទ្រី ម្ចាស់ភោជនីយដ្ឋានពន្លឺថ្មីបានប្រាប់នគរបាលថា ទំហំទ្រព្យសម្បត្ដិខាតបង់អស់មួយចំនួនធំ សរុបជាទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ និងឆេះលុយខ្មែរចំនួន៥០លានរៀល៕