ព័ត៌មានជាតិ

ស្លឹក ឃុនមា ពលរដ្ឋខេត្តសៀមរាបចូលចិត្តប្រើប្រក់ដំបូលផ្ទះ ព្រោះជាប់បានយូរ ត្រជាក់ និងមិនងាយឆេះភ្លើងទេ

ដោយ៖ឧត្តម

ភ្នំពេញ៖រុក្ខជាតិម្យ៉ាងឈ្មោះដើមឃុនមា គេអាចប្រើស្លឹករបស់វាមកប្រក់ធ្វើជាដំបូលផ្ទះ ដំបូលរោងចាំចម្ការស្រែ និងដំបូលរោងសត្វចិញ្ចឹមផ្សេងៗបានតាមតម្រូវការ។ លក្ខណៈពិសេស គឺមិនងាយភ្លើងឆេះ។នេះបើតាមរយៈទំព័រហ្វេសប៊ុករបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ដើមឃុនមា ជារុក្ខជាតិព្រៃដែលគេតែងតែឃើញដុះច្រើននៅលើខ្នងភ្នំគូលែន និងតំបន់ក្បែរនោះជាច្រើនទៀត។ប្រជាពលរដ្ឋរស់នៅលើខ្នងភ្នំគូលែនក្នុងខេត្តសៀមរាប តែងអាស្រ័យផលក្នុងការប្រើប្រាស់ស្លឹកឃុនមា​អស់កាលយូរយារណាស់មកហើយ។វាជាស្លឹករុក្ខជាតិដែលប្រជាពលរដ្ឋអាចយកមកប្រើប្រាស់ប្រក់ដំបូលផ្ទះ រោងនានា និងពិសេសអាចរកថវិកាតាមរយៈដេរស្លឹកកណ្តបសម្រាប់លក់ជួយបង្កើនជីវភាពគ្រួសារទៀតផង។

បើតាមលោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ ស្ថិតនៅក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានឱ្យដឹងថា៖ស្លឹកឃុនមាគេអាចប្រើប្រក់ដំបូលផ្ទះមានភាពត្រជាក់ល្អ និងជាប់បានយូររហូតដល់៧-៨ឆ្នាំទើបពុកផុយ។

លោកបានឱ្យដឹងបន្ថែមថា៖ ពលរដ្ឋរស់នៅលើខ្នងភ្នំគូលែនតែងប្រើស្លឹកឃុនមាមកប្រក់ដំបូលផ្ទះ ប្រក់រោងបាយ និងរោងសត្វចិញ្ចឹមផ្សេងៗព្រោះថាក្រៅពីជាប់បានយូរហើយត្រជាក់គួរជាទីរស់នៅផង៕