ព័ត៌មានជាតិ

សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម»ត្រូវបានក្រសួងបរិស្ថាន ប្រកាសទទួលស្គាល់ជាផ្លូវការ

ដោយ៖​ ឧត្តម

ខេត្តកោះកុង៖ សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួង​បរិស្ថាន តាមប្រកាសលេខ ២៩០ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣។

ការប្រកាសទទួលស្គាល់នេះដែរបន្ទាប់ពីមានការសម្របសម្រួលពីគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»រួចមក។

ក្រសួងបរិស្ថានបានឱ្យដឹងថា៖សហគមន៍តំបន់ការពារធម្មជាតិដែលត្រូវបានទទួលស្គាល់ដោយក្រសួងបរិស្ថាននេះ មានទំហំសរុប ៩៧.៣ ហិតា ស្ថិតនៅក្នុងដែនជម្រកសត្វពាមក្រសោប ស្ថិតនៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នេះ មានគោលបំណងបង្កើនការចូលរួម​គ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍ មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមលើនេះ ការរៀបចំអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នឹងត្រូវរៀបចំស្របតាមលក្ខន្តិកៈ និងផែនការគ្រប់គ្រងស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

គួរបញ្ជាក់ផងដែរថា៖ គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ហើយមានបំណងធ្វើឱ្យប្រសើរនូវការ​គ្រប់គ្រងតំបន់ការពារធម្មជាតិ និងជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនច្រវាក់តម្លៃ​អនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ នាពេលបច្ចុប្បន្ន គម្រោងនេះបាននឹងកំពុង​ជួយគាំទ្រសហគមន៍ធម្មជាតិចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តសៀមរាប៕