ព័ត៌មានជាតិ

សម្របសម្រួលជាចុងក្រោយករណីទន្ទ្រានកាន់កាប់ដីខុសច្បាប់របស់ក្រុមហ៊ុនកាណាឌីយ៉ា

ដោយ៖រតនា

ព្រះសីហនុ៖ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំសម្របសម្រួលជាមួយប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារ ពាក់ព័ន្ធទៅនឹងការចូលកាន់កាប់ដីធ្លីដោយខុសច្បាប់ របស់ក្រុមហ៊ុន កាណាឌីយ៉ា នៅចំណុចអូត្រាវ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះដឹកនាំដោយលោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ សាលាខេត្ត, មន្ត្រីពាក់ព័ន្ធនិង តំណាងប្រជាពលរដ្ឋ ព្រមទាំងពលរដ្ឋជាង១០គ្រួសារ ក្នុងចំណោម២៦គ្រួសារបានចូលរួម នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។កន្លងមកអាជ្ញាធរខេត្តបានធ្វើការសម្របសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លីនេះក្រៅប្រព័ន្ធតុលាការជាបន្តបន្ទាប់រួចមកហើយដែរ តែជាលទ្ឋផលប្រជាពលរដ្ឋប្រមាណ ៨៥% បានឯកភាពទទួលយកគោលការណ៍ដោះស្រាយរបស់ធនាគារកាណាឌីយ៉ា ដោយយល់ព្រមទទួលយកដីឡូត៍ទំហំ ៥ម៉ែត្រ គុណ ២០ម៉ែត្រ និងយល់ព្រមរុះរើសំណង់ផ្សេងៗ និងរបងថ្ម ចេញពីទីតាំងដីខាងលើដោយស្ម័គ្រចិត្ត។

ប្រជាពលរដ្ឋដែលបានឯកភាពខាងលើ រដ្ឋបាលខេត្តព្រះសីហនុ បានសម្របសម្រួលបំពេញបែបបទឯកសារជូនបងប្អូន ដើម្បីត្រៀមចុះបញ្ជីទទួលយកប័ណ្ណកម្មសិទ្ធិដីលើទីតាំងដីឡូត៍ដែលធនាគារបានរៀបចំជូន។ ក្នុងនោះនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ រដ្ឋបាលខេត្ត បានរៀបចំពិធីចាប់ឆ្នោត និងប្រគល់លេខដីឡូត៍ ជូនប្រជាពលរដ្ឋដែលយល់ព្រមតាមគោលការណ៍ដោះស្រាយរបស់ធនាគារកាណាឌីយ៉ា រួចរាល់។ ដោយឡែកនៅតែប្រមាណជាង២០គ្រួសារតែប៉ុណ្ណោះនៅមិនទាន់យល់ព្រមទទួលយក។

ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនៅតែព្យាយាមពន្យល់ណែនាំ សម្របសម្រួល និងនៅតែបន្តដោះស្រាយតាមគោលនយោបាយឈ្នះៗ។ ជាក់ស្តែងនៅព្រឹកនេះប្រជាពលរដ្ឋជាង១០គ្រួសារក្នុងចំណោម២៦គ្រួសារបានមកចូលរួមក្នុងកិច្ចប្រជុំ ដើម្បីស្តាប់ការណែនាំសម្របសម្រួលពីមន្ត្រីជំនាញនៃរដ្ឋបាលខេត្ត។

ជាមួយគ្នានេះក្រោយការពិនិត្យស្រាវជ្រាវរបស់ក្រុមការងារបានរកឃើញថា ការចូលកាន់កាប់រស់នៅរបស់ប្រជាពលរដ្ឋ គឺជាការចូលទន្ទ្រានលើដីកម្មសិទ្ធិឯកជនរបស់អ្នកដទៃ តាមរយៈក្រុមមេខ្យល់មួយក្រុមដែលបាន ធ្វើសកម្មភាពចាប់ដីខាងលើលក់បន្តឱ្យទៅប្រជាពលរដ្ឋផ្សេងទៀតក្នុងតម្លៃថោកបន្ទាប់មកក្រុមមេខ្យល់នេះបានកៀរគរប្រមូលប្រាក់ពីប្រជាពលរដ្ឋដែលបានទិញដីខាងលើ ដោយអះអាងថាយកប្រាក់ទាំងនេះទៅរត់ការធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ ចំពោះក្រុមមេខ្យល់ដែលធ្វើសកម្មភាពខាងលើនេះ ត្រូវបានក្រុមការងារស្រាវជ្រាវទំនាស់ដីធ្លីនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានកំណត់មុខសញ្ញារួចរាល់ហើយផងដែរ។ ក្នុងនោះមានចំនួន៣នាក់គឺទី១. ឈ្មោះ សុក ពឿន,ទី២.ឈ្មោះ យស់ សាវ៉ាតនិងទី៣. ឈ្មោះ សួង ផល្លា។

បើតាមការបញ្ជក់របស់រដ្ឋបាលខេត្តព្រះសីហនុ នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ បើនៅតែបន្តធ្វើសកម្មភាពល្មើសច្បាប់  រដ្ឋបាលខេត្តព្រះសីហនុ នឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងមាត់ដោយគ្មានការលើកលែងចំពោះបងប្អូន និងមេខ្លោងទាំងឡាយណាដែលព្យាយាមញុះញង់ឱ្យមានការទន្រ្ទានកាន់កាប់ដីដោយខុសច្បាប់ យកមកផ្តន្ទាទោសឱ្យខានតែបាន៕