សន្ដិសុខសង្គម

ឆេះភោជនីយដ្ឋានមួយកន្លែងនៅក្រុងបានលុងទាំងយប់រំលងអធ្រាត្រ

ដោយ៖រតនា
អគ្គិភ័យបានឆាបឆេះភោជនីយដ្ឋានមួយកន្លែងឈ្មោះថា«ពន្លឺថ្មី»ដែលមានទីតាំងស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។


ឈ្មោះតាទ្រី ដែលគេស្គាល់ថា ជាម្ចាស់ភោជនីយដ្ឋានដែលឆេះនោះ បាននិយាយឲ្យដឹងថា ពេលដែលគាត់កំពុងតែដេកលង់លក់ក៏មានគេទៅដាស់់គាត់ហើយប្រាប់ថា ភ្លើងឆេះភោជនីយដ្ឋាន។ភ្លាមនោះគាត់ក្រោកឡើងក៏បានឃើញភ្លើងកំពុងតែឆាបឆេះសន្ធោសន្ធៅ។
ម្ចាស់ភោជនីយដ្ឋានបានឲ្យដឹងទៀតថា ពេលនោះគាត់មានការតក់ស្លុតយ៉ាងខ្លាំងរត់ចេញមកក្រៅតែខ្លួនទទេ ដោយមិនបានយកអ្វីនោះឡើយ។ដូច្នេះសម្ភារមានតម្លៃជាច្រើនដូចជាម៉ូតូនិងលុយមួយចំនួនធំ ត្រូវភ្លើងឆេះទាំងអស់។


អ្នករស់នៅជុំវិញនោះបានឲ្យដឹងថា លុះជាច្រើនម៉ោងក្រោយមកទើបមានកម្លាំងសមត្ថកិច្ចនិង រថយន្តពន្លត់អគ្គិភ័យ ចុះទៅជួយអន្តរាគមន៍ដោយមិនឲ្យឆេះរាលដាលទៅកន្លែងផ្សេង។សមត្ថកិច្ចបានឲ្យដឹងជំហ៊ានដំបូងថាករណីនេះអាចបណ្តាលមកពីទុស្សេខ្សែភ្លើង។ប៉ុន្តែគេនៅមិនទាន់ដឹងពីទំហំនៃការខូចខាតជាក់ស្តែងដោយសារភ្លើងឆេះនេះនៅឡើយទេ៕