សន្ដិសុខសង្គម

សមត្ថកិច្ចបង្រ្កាបរថយន្តដឹកឈើពីរគ្រឿងចេញពីខេត្តស្ទឹងត្រែង

ដោយ៖សុខុម

ក្រចេះ៖ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការឡោមព័ទ្ធស្ថានីយប្រេងឥន្ធនៈតេលាស្ពានតេមួយកន្លែង ដើម្បីចាប់យករថយន្តប្រភេទសាំងយ៉ុងដឹកឈើពីរគ្រឿង ចេញពីទឹកដីខេត្តស្ទឹងត្រែងហើយបើកកៀររថយន្ត​មន្រ្តីយោធាម្នាក់ឱ្យធ្លាក់ចេញពីផ្លូវជាតិលេខ៧ ត្រង់ចំណុច ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីវេលាទៀបភ្លឺថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា៖ ដំបូងរថយន្តសាំងយ៉ុងចំនួន២គ្រឿងដឹកឈើចេញពីទឹកដីខេត្តស្ទឹងត្រែង នៅវេលាទៀបភ្លឺ ហើយរថយន្តទាំងពីរគ្រឿងនោះមានមួយគ្រឿងបើកកៀររថយន្តមន្រ្តីយោធាម្នាក់​ទំនងជាដេញរថយន្តដឹកបទល្មើសបណ្តាលឱ្យធ្លាក់ចេញពីលើផ្លូវជាតិលេខ៧។ភ្លាមៗនោះអ្នកជិះក្នុងរថយន្តដែលជាមន្រ្តីយោធាម្នាក់ត្រូវបានគេជួយសង្រ្គោះបញ្ជូនទៅមន្ទីរពេទ្យ។    ក៏ប៉ុន្តែរថយន្តដឹកបទល្មើសទាំងពីរគ្រឿងបានព្យាយាមបើករត់គេចចូលទៅពួនក្នុងស្ថានីយប្រេងឥន្ធនៈតេឡាស្ពានតេ ហើយម្ចាស់លក់ប្រេងពុំអនុញ្ញាតឱ្យសមត្ថកិច្ចចុះបង្រ្កាបរថយន្តដឹកឈើនោះឡើយ។

លុះមកដល់ព្រឹកថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៣ ទើបសមត្ថកិច្ចសុំការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ ដើម្បីចាប់យកវត្ថុតាងរថយន្តពីរគ្រឿង និងឈើពីកន្លែងស្ថានីយលក់ប្រេងតេឡាស្ពានតេ ស្ថិតក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ យកទៅរក្សាទុកនៅស្ថានីយបណ្ដុះកូនខ្សា ដើម្បីចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕