សន្ដិសុខសង្គម

សមត្ថកិច្ចខេត្តស្ទឹងត្រែងមិនហ៊ានបង្រ្កាបល្បែងស៊ីសងខុសច្បាប់

ដោយ៖សហការី

ស្ទឹងត្រែង៖ បនល្បែងភ្នាល់ដាក់ប្រាក់រាប់លានរៀលក្នុងមួយថ្ងៃៗ នៅក្បែរអូរពងមាន់ ខេត្តស្ទឹងត្រែង សមត្ថកិច្ចពាក់ព័ន្ធហាក់មើលមិនឃើញទាល់តែសោះ។

ប្រភពរាយការណ៍បានឱ្យដឹងថា៖ បនល្បែងដុះស្លែដ៏ធំមួយកន្លែងក្នុងចម្ការស្វាយចន្ទី មានមាន់ជល់ បៀអាប៉ោង ណាត់គ្នាលេងរាល់ថ្ងៃនៅក្បែរអូរពងមាន់។ដោយមានថ្ងៃខ្លះក្រុមអ្នកលេងចាត់ទុកថាគឺជាថ្ងៃពិសេស​អ្នកមានលុយមកពីខេត្តផ្សេងៗជុំគ្នា ភ្នាល់ដាក់លុយរាប់លានរៀលក៏មាន។ ក្រៅពីថ្ងៃពិសេស ថ្ងៃធម្មតាក៏មានលេងដែរគិតចាប់ពីម៉ោងរសៀលរាល់ថ្ងៃ។ អ្នកទៅលេងខ្លះជិះរថយន្តខ្លះក៏ជិះម៉ូតូ ដោយចេញពីចំណុចអូរពងមាន់ជាង១គីឡូម៉ែត្រ ធ្វើដំណើរទៅតាមផ្លូវជាតិលេខ៧៨ ហើយនៅខាងស្តាំដៃគេមានផ្លូវទៅដល់កន្លែងល្បែង។គេតម្រូវឱ្យអ្នកចូលលេងត្រូវជិះចូលតាមចម្ការផ្លូវបត់បែន​ទៅខាងក្នុងជ្រៅដើម្បីលាំងបាំងភ្នែកមហាជន។

                                                រូបភាពថតពីលើគឺជាទីតាំងកន្លែងគេលេងល្បែងស៊ីសង៕

ប្រភពបានឱ្យដឹងថា៖ អ្នកលេងតិចតួចទោះបើសិនជាលាក់បាំងយ៉ាងណាក៏សាយភាយក្លិនដល់ច្រមុះ​សមត្ថកិច្ចទៅបង្រ្កាបភ្លាមមិនឱ្យរួចខ្លួនទេ ប៉ុន្តែបើមានអ្នកធំអាងខ្សែធំៗរត់ការបើកផ្លូវវិញនោះ​គ្មានឃើញសមត្ថកិច្ចខេត្តស្ទឹងត្រែងហ៊ានប៉ះពាល់ឡើយ។ជាមួយនោះក៏មានមន្រ្តីញៀនល្បែងខ្លះ ក៏ទៅលេងដែរ។ថែមទាំងមន្រ្តីខ្លះស៊ុមគ្រលំរត់ការទៅសមត្ថកិច្ច​ទៀតផង។

                                                 រូបភាពថតពីលើគឺជាទីតាំងកន្លែងគេលេងល្បែងស៊ីសង៕

លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែងមិនអាចសុំការបកស្រាយបានទេ​ជុំវិញកន្លែង​លេងល្បែងស៊ីសងខាងលើនេះ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ តែកន្លងមកលោកស្នងការខេត្តតែងតែដឹកនាំពង្រឹកកម្លាំងការពារសន្តិសុខនិងជំរុញមន្រ្តីរបស់ខ្លួនគ្រប់ប៉ុស្តិ៍នគរបាលដើម្បីការងារសន្តិសុខជូនប្រជាជននឹងដាក់បទបញ្ជាដ៏តឹងរ៉ឹងឱ្យបង្រ្កាបរាល់បទល្មើសផ្សេងៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕