ព័ត៌មានជាតិ

ជំនាញជាអ្នកអភិរក្ស និងជួសជុល ព្យាបាលថ្មប្រាសាទបុរាណ ទាមទារការអត់ធ្មត់ទឹកចិត្តតស៊ូខ្ពស់

ដោយ៖ យី សុថា

ជំនាញអភិរក្ស និងជួសជុល ព្យាបាលថ្ម គឺជាការងារយ៉ាងច្បាស់លាស់មួយផ្សេងទៀត ក្នុងចំណោមជំនាញ​ជាច្រើនដែលកំពុងតែធ្វើជាប្រចាំថ្ងៃ ក្នុងការជួយថែទាំ ជួសជុល និងការពារប្រាសាទបុរាណនៅក្នុងតំបន់​រមណីយដ្ឋានអង្គរ។

                                                               (រូបភាព ៖ លោក ភោគ ជា)

អ្នកជំនាញវ័យក្មេងម្នាក់គឺ លោក សៅ រតនៈ ដែលកំពុងបំពេញការងារជួសជុលថ្មចម្លាក់​បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរ៉ែ បានចាត់ទុកថាជំនាញអភិរក្ស និងជួសជុល ព្យាបាលថ្មនេះ គឺទាមទារការអត់ធ្មត់យកចិត្តទុកដាក់ខ្ពស់បំផុត ប្រសិនបើគ្មានការអត់ធ្មត់ គឺវាមិនត្រឹមតែមិនអាចអភិរក្ស និងជួសជុលថ្មបុរាណដែលខូចខាតបានទេ ហើយវាប្រែក្លាយទៅជាការបំផ្លាញថ្ម ឬរូបចម្លាក់បុរាណនោះ​ទៅវិញ។

                                                          ​(រូបភាព ៖ លោក ភោគ ជា)

លោក សៅ រតនៈ អាយុ២៩ឆ្នាំ ជាអតីតសិក្ខាកាមដែលធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាល «ជំនាញអភិរក្សថ្ម» ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយក្រុមអភិរក្សថ្ម និងអង្គការ GIZ ចាប់ពីឆ្នាំ២០១៣ ដល់២០១៥ ហើយមានដើមកំណើតជាអ្នកសៀមរាប មានប្រសាសន៍ថា៖ ការងារអភិរក្ស និងជួសជុល ព្យាបាលថ្ម ជួបនូវការលំបាកជាច្រើន ទាំងការផ្គុំថ្ម ការព្យាបាលថ្ម ការលាងសម្អាតថ្ម ព្រោះថ្មខ្លះមានការពុកផុយលើក្បាច់ ដោយវាទាមទារឱ្យចិត្តទុកដាក់ខ្លាំង។ ប្រសិនបើសម្អាតមិនត្រឹមត្រូវ គឺវាអាចធ្វើឱ្យបាត់បង់នូវក្បូរក្បាច់ដើម ហើយបានប្រែក្លាយទៅជាបំផ្លាញរបស់ទាំងនោះទៅវិញ។ បន្ថែមលើនេះ នៅតាមការដ្ឋានជួសជុលប្រាសាទនានា ទីតាំងខ្លះមានភាពតូចបង្អៀត​មិនអាចឱ្យយក​ឧបករណ៍​ទៅជាជំនួយបានឡើយ ពិសេស ការលើកដាក់ថ្មធ្ងន់ៗ។ ដូច្នេះ ការអត់ធ្មត់ និងការយកចិត្តទុកដាក់​បានជាលទ្ធផលយ៉ាងល្អប្រសើរ គឺជាចលករតែមួយគត់ ដែលអាចជំរុញនូវទឹកចិត្តឱ្យកាន់តែខ្លាំងនៅក្នុង​ការងារជួយដល់បុរាណវត្ថុទាំងឡាយឱ្យបានរឹងមាំឡើងវិញនោះ។

                                                                   (រូបភាព ៖ លោក ភោគ ជា)

ក្នុងរយៈពេល១០ឆ្នាំមកនេះ លោក សៅ រតនៈ បានរួមចំណែកធ្វើការងារអភិរក្ស និងជួសជុលប្រាសាទ​មួយចំនួន​នៅក្នុងតំបន់អង្គរ រួមទាំងប្រាសាទនៅក្រៅតំបន់អង្គរផង។ លោក រតនៈ ឱ្យដឹងទៀតថា ដំបូងឡើយ រូបលោកហាក់ដូចជាមិនសូវចាប់អារម្មណ៍លើជំនាញអភិរក្ស និងជួសជុលថ្ម នោះឡើយ។ ប៉ុន្តែ បន្ទាប់ពីបានក្លាយជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលជំនាញអភិរក្សថ្មមកទើបលោកដឹងថា ការងារអភិរក្សថ្ម ជាផ្នែកមួយនៃការថែទាំសម្បត្តិបេតិកភណ្ឌ ហើយក៏ចាប់ផ្តើមមានអារម្មណ៍សប្បាយចិត្ត និងមានមោទកភាព​ដែលខ្លួនឯងបានក្លាយជាផ្នែកមួយក្នុងការជួយលើកស្ទួយ ក៏ដូចជា ថែទាំស្នាដៃដូនតាខ្មែរឱ្យបានគង់វង្ស​យូរអង្វែងសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។

                                                           (រូបភាព ៖ លោក ភោគ ជា)

អ្នកស្រី គី ស្រីណោះ ជាអ្នកខេត្តសៀមរាបនិងអតីតសិក្ខាកាមចូលរួមរៀនក្នុងវគ្គបណ្តុះបណ្តាល​ជំនាញអភិរក្សថ្ម ម្នាក់ទៀត ក៏បានឱ្យដឹងដែរថា ៖​អ្នកស្រីបានបម្រើការងារក្នុងវិស័យនេះ​រយៈពេលជាង១០ឆ្នាំមកហើយ។ អ្នកស្រី គី ស្រីណោះ មានប្រសាសន៍ថា អ្នកជំនាញអភិរក្សថ្មទាំងបុរស​និងស្រ្តី គឺសុទ្ធតែចេះជំនាញគ្រប់ផ្នែកដូចគ្នា និងអាចធ្វើការងារគ្រប់យ៉ាងបានទាំងអស់។ អ្នកស្រីឱ្យដឹងថា ភាគច្រើនស្រីៗគឺច្រើនទទួលបន្ទុកការងារផ្តោតទៅលើការចងក្រងឯកសារ ដូចជា សម្រង់ប្លង់មុន និងក្រោយពេលជួសជុល ព្រមទាំងតាមដានគ្រប់ដំណាក់កាលនៃការរើរុះថ្មដើម្បីកុំឱ្យមាន​ភាន់ច្រឡំដោយប្រការណាមួយជាដើម។

                                                                (រូបភាព ៖ លោក ភោគ ជា)

ការងារនេះ ថ្វីត្បិតតែមិនសូវប្រើកម្លាំងដូចក្រុមការងារបុរស​ក៏ពិតមែន តែក៏មានការលំបាក និងត្រូវចេះបត់បែន ដូចជា ទីតាំងខ្លះបាត់ថ្ម យើងត្រូវការបង្កើតថ្មី ទាមទារឱ្យមានការអត់ធ្មត់ និងសហការនៅក្នុងក្រុមផង។ អ្នកស្រី ស្រីណោះ បញ្ជាក់ថា វគ្គបណ្តុះបណ្តាល​ជំនាញអភិរក្សថ្ម ក៏បានផ្តល់ចំណេះដឹងឱ្យគ្រប់សិក្ខាកាមនូវចំណេះដឹងលើប្រភេទថ្ម និងប្រវត្តិសាស្រ្តដែរ ដែលជំរុញទឹកចិត្តឱ្យកាន់តែស្រលាញ់បន្ថែមទៀត ហើយលោកស្រីក៏ចង់ឱ្យចំណេះជំនាញផ្នែកអភិរក្សថ្ម​ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន ដើម្បីបណ្តុះគំនិតឱ្យពួកគាត់ស្រឡាញ់ និងបានចូលរួម​អភិរក្សគ្រប់រូបភាពជាមួយអ្នកជំនាញ។

​​​​​                                                            (រូបភាព ៖ លោក ភោគ ជា)

បច្ចុប្បន្ននេះនៅកម្ពុជា គឺមានក្រុមអ្នកជំនាញអភិរក្ស និងជួសជុលថ្មប្រាសាទបុរាណចំនួនតិចតួចនៅឡើយ។ អាជ្ញាធរជាតិអប្សរា កំពុងសហការជាមួយស្ថាប័នGIZ អាល្លឺម៉ង់ ក្នុងការបណ្ដុះបណ្ដាលជំនាញនេះ​លើកូនខ្មែរជំនាន់ក្រោយមួយចំនួនថែមទៀត ដើម្បីឈានទៅរកការបង្កើនធនធានមនុស្សផ្នែកនេះ​ឱ្យកាន់តែសំបូរឡើងនៅពេលអនាគតឆាប់ៗ៕

                                                                    (រូបភាព ៖ លោក ភោគ ជា)