ព័ត៌មានជាតិ

ក្រុមអ្នកបច្ចេកទេសនឹងបើកបង្ហូរទឹកចេញពីអាងទំនប់វារីអគ្គិសនីកំចាយនាព្រឹកនេះ

ដោយ៖កំចាយ

កំពត៖ អ្នកបច្ចេកទេសនៃក្រុមហ៊ុនស៊ីណូហាយដ្រូ នឹងបើកបង្ហូរទឹកចេញពីអាងទំនប់វារីអគ្គិសនីកំចាយ ដោយសារកម្ពស់ទឹកបានឡើងដល់ក្បែរកម្រិតប្រកាសអាសន្ន។ នេះបើយោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពតបានចេញផ្សាយបន្ទាន់ដោយមានខ្លឹមសារថា៖ ផ្អែកលើការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម គឺភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១ ខែសីហា បង្កឱ្យមានភ្លៀង ខ្យល់ខ្លាំង ថែមទាំងកើនឡើងខ្ពស់នូវរលកសមុទ្រ។

ដោយឡែក នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅតំបន់ទំនប់វារីអគ្គិសនីកំចាយ គឺទឹកក្នុងអាងទំនប់ មានកម្ពស់រហូតដល់១៤៨,២៦ម៉ែត្រ និងលម្ហូរទឹកចូលក្នុងអាងចំណុះ៤៣៧,៤៣ម៉ែត្រត្រីគុណក្នុង១វិនាទី។ ដូច្នេះក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយដ្រូ នឹងបើកទ្វារទឹកចំនួន១កម្រិតកម្ពស់២ម៉ែត្រនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ដើម្បីរំដោះទឹកចេញពីទំនប់។ ម្ល៉ោះហើយ ស្ថានភាពទឹកព្រែកនឹងកើនកម្ពស់លើសពីថ្ងៃធម្មតា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕