អន្តរជាតិ

អាម៉េរិកដាក់ទណ្ឌកម្មរដ្ឋមន្ត្រីការពារជាតិប្រទេសម៉ាលីជុំវិញទំនាក់ទំនងជាមួយWagner

ប្រែសម្រួល៖រតនា

សហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសម៉ាលី និងមន្ត្រីយោធាពីរនាក់ ដោយចោទប្រកាន់អ្នកទាំងបីថាបានជួយសម្រួលដល់ការកើនឡើងរបស់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ីWagnerនៅក្នុងប្រទេសអាហ្វ្រិកខាងលិច។

រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken បានប្រកាសកាលពីថ្ងៃចន្ទថា ការដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីការពារជាតិម៉ាលី លោក Colonel Sadio Camara អគ្គសេនាធិការកងទ័ពអាកាសវរសេនីយ៍ឯក Alou Boi Diarra និងអគ្គសេនាធិការរង លោកវរសេនីយ៍ទោ Adama Bagayoko ។

Blinken បានចោទប្រកាន់អ្នកទាំងបីថាបានធ្វើការដើម្បី “សម្របសម្រួល និងពង្រីកវត្តមានរបស់ Wagner នៅក្នុងប្រទេសម៉ាលី ចាប់តាំងពីខែធ្នូ ឆ្នាំ 2021” ដោយបន្ថែមថាអ្នកស្លាប់ជាជនស៊ីវិលបានកើនឡើង 278 ភាគរយចាប់តាំងពីទាហានស៊ីឈ្នួលរុស្ស៊ីដាក់ពង្រាយនៅក្នុងប្រទេស។

លោក Blinken បាននិយាយថា “ការស្លាប់ជាច្រើននាក់នោះ គឺជាលទ្ធផលនៃប្រតិបត្តិការដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធម៉ាលី ជាមួយនឹងសមាជិកនៃក្រុម Wagner” ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ មន្ត្រីក្រសួងរតនាគារសហរដ្ឋអាម៉េរិកលោក Brian Nelson ក៏បាននិយាយផងដែរថា មន្ត្រីប្រទេសម៉ាលីបាន “ជាឧបករណ៍ក្នុងការសម្របសម្រួលដល់ការកាន់កាប់របស់ Wagner Group នៅក្នុងប្រទេសម៉ាលី ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ”។

លោក Nelson បាននិយាយថា “មន្ត្រីទាំងនេះបានធ្វើឱ្យប្រជាជនរបស់ពួកគេងាយរងគ្រោះចំពោះសកម្មភាពអស្ថិរភាពរបស់Wagner Group និងការរំលោភសិទ្ធិមនុស្ស ខណៈដែលត្រួសត្រាយផ្លូវសម្រាប់ការកេងប្រវ័ញ្ចធនធានអធិបតេយ្យភាពរបស់ប្រទេសពួកគេ ដើម្បីជាផលប្រយោជន៍នៃប្រតិបត្តិការរបស់ Wagner Group នៅអ៊ុយក្រែន” ។

អស់ជាច្រើនឆ្នាំមកនេះ សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តបានកំណត់គោលដៅទៅលើក្រុម Wagner និងអ្នកដែលគាំទ្រពួកគេដោយការដាក់ទណ្ឌកម្ម។ ជាឧទាហរណ៍ កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន 13 នាក់ ដែលមានទំនាក់ទំនងជាមួយ Wagner Group នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ម៉ាលី និងស៊ូដង់។

សម្ពាធ​នោះ​បាន​កើន​ឡើង​បន្ទាប់​ពី​ការ​ឈ្លាន​ពាន​ពេញ​លេញ​របស់​រុស្ស៊ី​​លើ​អ៊ុយក្រែន ដែល​ទាហាន​ស៊ីឈ្នួល Wagner បាន​ដើរ​តួនាទី​យ៉ាង​ធំ។ កាលពីខែមករា ទីក្រុងវ៉ាស៊ីនតោនបានចាត់តាំង Wagner ជា “អង្គការឧក្រិដ្ឋកម្មឆ្លងដែន”។

ថ្មីៗនេះ នៅក្នុងខែឧសភា សហរដ្ឋអាម៉េរិកក៏បានដាក់ទណ្ឌកម្មទៅលើលោក Ivan Aleksandrovich Maslov ដែលនាយកដ្ឋានរតនាគារបានកំណត់ថាជា “អ្នកគ្រប់គ្រងសំខាន់” របស់ Wagner នៅក្នុងប្រទេសម៉ាលី។

មន្ត្រីអាម៉េរិកបានចោទប្រកាន់ជាយូរមកហើយថាក្រុមហ៊ុនដែលបង្កើតឡើងដោយពលរដ្ឋរុស្ស៊ី Yevgeny Prigozhin ថាបានជំរុញផលប្រយោជន៍រុស្ស៊ីតាមរយៈកិច្ចព្រមព្រៀងសន្តិសុខ និងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតនៅទូទាំងទ្វីបអាហ្វ្រិក។

វានៅតែមិនច្បាស់ថាតើការបះបោរដែលដឹកនាំដោយ Prigozhin នាពេលថ្មីៗនេះនៅក្នុងប្រទេសរុស្ស៊ីនឹងមានឥទ្ធិពលយ៉ាងណាទៅលើប្រតិបត្តិការរបស់ Wagner នៅអាហ្វ្រិក៕

ប្រភព៖ ALJAZEERA