សន្ដិសុខសង្គម

យុវជនម្នាក់បានស្លាប់និងអ្នករួមដំណើរព្រមទាំងជនបរទេស២នាក់រងរបួសដោយសារម៉ូតូ២គ្រឿងប៉ះគ្នា

ដោយ៖កំចាយ

កំពត៖ យុវជនម្នាក់បានរងរបួសធ្ងន់ ហើយក្រោយមកក៏បាត់បង់ជីវិតពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និង៣នាក់ទៀតបានរងរបួសដោយសារម៉ូតូ២គ្រឿងបុកគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣ ក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត។

មន្ត្រីនគរបាលក្រុងកំពតបានប្រាប់ឱ្យដឹងថា៖ ជនរងគ្រោះដែលស្លាប់ឈ្មោះ ឈូក បញ្ញា អាយុ ២១ឆ្នាំ និងយុវជនរួមដំណើរជាមួយឈ្មោះ ផង់ សុភ័ក្រ្ត អាយុ ២៥ឆ្នាំ។ ទាំង២នាក់មានទីលំនៅភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកអ្នកបើកម៉ូតូនៃភាគីម្ខាងទៀតឈ្មោះ TONY ROADFELT ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិស៊ុយអែត និងកូនប្រុសឈ្មោះ KEVEN អាយុ ១០ឆ្នាំ ស្នាក់នៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពដដែលបានរៀបរាប់ថា៖ កាលពីម៉ោង៨ និង១៥នាទីយប់ ថ្ងៃទី២៤ ខែកក្កដា មានករណីម៉ូតូនិងម៉ូតូប៉ះគ្នាត្រង់ចំណុចមុខមន្ទីរសាធារណការពេលធ្វើដំណើរលើគន្លងផ្លូវតែមួយ។ មុនគ្រោះថ្នាក់កើតឡើង គេឃើញម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត1U-6547 ធ្វើដំណើរដោយយុវជន២នាក់ក្នុងទិសដៅពីជើងទៅត្បូង។ លុះដល់ត្រង់ចំណុចកើតហេតុក៏បានប៉ះជាមួយម៉ូតូម៉ាកវីនឌី ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយជនបរទេសឌុបកូនប្រុសម្នាក់មកពីទិសខាងត្បូងពេញទំហឹងបណ្តាលឱ្យដួលរៀងខ្លួន។

សមត្ថកិច្ចបានបញ្ជាក់ថា៖ ភ្លាមៗអ្នកជិតខាងបានចូលទៅជួយស្រាប់តែឃើញយុវជនជាអ្នកបើកម៉ូតូរងរបួសធ្ងន់ ក៏ប្រញាប់ញ្ជូនទៅសង្គ្រោះតែក្រោយមកបានស្លាប់ពេលដល់មន្ទីរពេទ្យតែម្តង។ ចំណែកអ្នករួមដំណើរជាមួយ និងភាគីម្ខាងទៀតជាជនបរទេសនោះរងរបួសស្រាលទាំង៣នាក់៕