សន្ដិសុខសង្គម

នារីម្នាក់បានស្លាប់និងមិត្តភក្តិ២នាក់របួសធ្ងន់ស្រាលដោយសារជិះម៉ូតូដួល

ដោយ៖កំចាយ

កំពត៖ នារី៣នាក់បានជិះម៉ូតូក្នុងល្បឿនលឿន រួចរអិលដួលដោយខ្លួនឯងបណ្តាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗ ចំណែក២នាក់ទៀតរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រែកក្រែង សង្កាត់ព្រែកត្នោត ក្រុងបូកគោ កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

មន្ត្រីនគរបាលចរាចរណ៍ក្រុងបូកគោបានប្រាប់ឲ្យដឹងថា៖ នារីរងគ្រោះក្នុងករណីខាងលើ រួមមាន ១.ឈ្មោះ យ៉ន ណាស្រី អាយុ ២២ឆ្នាំ ជាអ្នកបើកម៉ូតូបានស្លាប់នៅនឹងកន្លែង។ ២. ឈ្មោះ ឈឺម ស្រីណុច អាយុ ១៥ឆ្នាំ របួសស្រាល។ ទាំង២នាក់មានទីលំនៅភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។ ៣. ឈ្មោះ ស្រីណែត អាយុ ២១ឆ្នាំ រស់នៅខេត្តសៀមរាប របួសធ្ងន់។

សមត្ថកិច្ចបានរៀបរាប់ថា កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៤ ខែកក្កដា  មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៧-១៧៨ គឺនារី៣នាក់ជិះម៉ូតូ១គ្រឿងក្នុងល្បឿនលឿន រួចរអិលធ្លាក់ស្រែដួលដោយខ្លួនឯងពេលធ្វើដំណើរពីកើតទៅលិច។ លុះអ្នកភូមិនាំគ្នាចូលទៅជួយស្រាប់តែឃើញនារីម្នាក់បានស្លាប់ភ្លាមៗ។ ចំណែក២នាក់ទៀតរងរបួសធ្ងន់ស្រាល ទើបសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពតដើម្បីព្យាបាល៕