សន្ដិសុខសង្គម

អ្នកនេសាទក្រុងបូកគោបញ្ជាក់ពីក្តីលំបាកព្រោះតែបទល្មើសលើផ្ទៃសមុទ្រកើនឡើង

ដោយ៖កំចាយ

កំពត៖ ក្រុមប្រជានេសាទបានត្អូញត្អែរពីការលំបាកព្រោះតែបទល្មើសលើផ្ទៃសមុទ្រកើនឡើង ខណ:ដែលពួកគាត់សុំការអន្តរាគមន៍ពីសមត្ថកិច្ចមិនទទួលបានលទ្ធផលសោះ។ មន្ត្រីពាក់ព័ន្ធអះអាងថា រាល់ការចេញល្បាតមិនដែលប្រទះឃើញបទល្មើសដូចសេចក្តីរាយការណ៍ទេ។ អាចប្រជានេសាទយល់ច្រឡំពីភូមិសាស្ត្រ ព្រោះព្រំដែនទឹកមិនទាន់បានកំណត់ជាផ្លូវការនៅឡើយ។

ក្រុមប្រជានេសាទនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ បានរៀបរាប់កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ថា៖ បច្ចុប្បន្ន បទល្មើសប្រើប្រាស់ឧបករណ៍ឆក់ និងទូកអូសគូមកពីប្រទេសវៀតណាមបានកើតឡើងក្នុងដែនសមុទ្រខ្មែរដោយគ្មានញញើតបន្តិចណាសោះ។ ពេលខ្លះមេឃភ្លៀងមើលមិនឃើញធ្វើឲ្យទូកពួកគាត់បើកប៉ះមងវៀតណាមដែលអូសពីមុខដោយមួយខ្សែៗប្រវែង១គីឡូម៉ែត្រក៏មាន ហើយមងទាំងនោះអណ្តែតលើផ្ទៃទឹកទៀតផង។ ក្រុមប្រជានេសាទបានបន្តថា៖ ប្រសិនបើទប់ស្កាត់បាន ពួកគាត់មិនបាច់ទៅនេសាទនៅឆ្ងាយទេ គឺក្បែរៗឆ្នេរក៏ចិញ្ចឹមជីវិតរស់ដែរ។ ប៉ុន្តែពេលនេះទូកនេសាទវៀតណាមបានចូលមកដល់ផែប្រេងតែម្តង។ ម្យ៉ាងទៀត រាល់ការសំណូមពរឲ្យជួយ មិនដែលឃើញសមត្ថកិច្ចណាឆ្លើយតប ឬបង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋទេ។

 

                       លោក សំរិទ្ធ ថាវរ៉ាត់ មេបញ្ជាការនគរបាលការពារព្រំដែនទឹកវរ:២៤១ ប្រចាំខេត្តកំពត

ពាក់ព័ន្ធបញ្ហាខាងលើ លោក សំរិទ្ធ ថាវរ៉ាត់ មេបញ្ជាការនគរបាលការពារព្រំដែនទឹកវរ:២៤១ ប្រចាំខេត្តកំពត បានបញ្ជាក់នាព្រឹកថ្ងៃទី១៩ ខែកក្កដា ថា៖ លោកបានដាក់ផ្ទាំងប៉ាណូបង្ហាញលេខទូរសព្ទមន្ត្រីសមត្ថកិច្ចចំនួន១៨កន្លែងតាមចំណតទូកក្នុងដែនខេត្តកំពតដើម្បីងាយស្រួល​ទំនាក់ទំនងពេលមានបញ្ហាណាមួយកើតឡើង។ ខាងលោកមិនមានមធ្យោបាយសម្រាប់ឈរជើងដូចភាគីវៀតណាមដែល​ប្រកបដោយកប៉ាល់ធំៗឃ្លាំមើលជាប្រចាំនោះទេ។ នៅពេលទទួលដំណឹងពីប្រជានេសាទនោះកម្លាំងនឹងចេញអន្តរាគមន៍ភ្លាម។ លោកមេបញ្ជាការបានបន្តថា៖ សមត្ថកិច្ចរបស់លោកបានចេញល្បាតមួយសប្តាហ៍ម្តង ពោលគឺមិនមានលទ្ធភាពឈរជើងប្រចាំការ​នៅសមុទ្រជាអចិន្ត្រៃយ៍ឡើយ។ រាល់ពេលចេញល្បាតមិនដែលជួបប្រទះបទល្មើសដូចសេចក្តីរាយការណ៍សោះ។ នេះអាចបងប្អូនប្រជានេសាទច្រឡំពីភូមិសាស្ត្រ ព្រោះព្រំដែនទឹកជាមួយប្រទេសជិតខាងមិនទាន់បានកំណត់ជាផ្លូវការទេ។ បន្ថែមលើនេះ សមត្ថកិច្ចនៅលើផ្ទៃសមុទ្រមិនមែនមានតែខាងលោកទេ គឺមានច្រើនផ្នែក ដូចជា៖ ជលផល កងកម្លាំងលម្ហសមុទ្រជាដើម។

ដោយបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន លោក សំរិទ្ធ ថាវរ៉ាត់ បានអះអាងថា លោកធ្វើជាមេបញ្ជាការរងរយ:ពេល២០ឆ្នាំ រហូតក្លាយជាមេបញ្ជាក់ការដល់បច្ចុប្បន្នគឺមិនពាក់ព័ន្ធ ឬគប់គិតជាមួយបទល្មើសណាមួយឡើយ។ គ្រប់គ្នាអាចតាមដាន និងស្រាវជ្រាវអំពីប្រវត្តិរបស់លោកបាន។

                           លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានបញ្ជាក់ថា៖ មន្ត្រីជលផលតែងសហការជាមួយសហគមន៍នេសាទដើម្បីបង្ការ និងទប់ស្កាត់បទល្មើសផ្សេងៗ។ ចំពោះករណីទូកនេសាទវៀតណាមចូលមកក្នុងដែនទឹកខេត្តកំពតនាពេលបច្ចុប្បន្នគឺមិនមាននោះទេ។ លោកនាយខណ្ឌបានបន្តថា ផ្អែកតាមប្រសាសន៍ណែនាំរបស់លោកអភិបាលខេត្តកំពត កម្លាំងជលផលនឹងខិតខំព្យាយាមបន្ថែមទៀតដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជានេសាទ។ ក្នុងអំឡុងឆមាសទី១ឆ្នាំ២០២៣ កន្លងទៅនេះ មន្ត្រីជលផលសហការជាមួយសហគមន៍នេសាទបានចេញល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសបាន២៩ករណី៕