អន្តរជាតិ

អ៊ុយក្រែនប្រើគ្រាប់បែកចង្កោមប្រកបដោយប្រសិទ្ធភាពក្នុងការវាបកលើរុស្ស៊ី

ប្រែសម្រួល៖រតនា
មន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិអាម៉េរិកបានថ្លែងថារឿងប្រើគ្រាប់បែកចង្កោមដ៏ចម្រូងចម្រាសដែលផ្តល់ឲ្យអ៊ុយក្រែនយកមកប្រើប្រាស់ឃើញថាមានប្រសិទ្ធភាពក្នុងការវាយលុករបស់ពួកគេលើកងទ័ពរុស្ស៊ី។


កាលពីថ្ងៃព្រហស្បតិ៍លោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានបានប្រាប់អ្នកយកព័ត៌មានថា “យើងទទួលបានព័ត៌មានពីអ៊ុយក្រែនថាពួកគេកំពុងប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងមានប្រសិទ្ធភាព” ។
លោក Kirby បាននិយាយថា “ពួកគេប្រើវាបានត្រឹមត្រូវហើយកំពុងតែប្រើប្រាស់វាប្រកបដោយប្រសិទ្ធភាព” ។
លោក Kirby ក៏បានបញ្ជាក់ផងដែរថា គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ដោយប្រទេសជាង ១២០ ហើយរុស្ស៊ីក៏កំពុងរងនូវសម្ពាធនេះផងដែតែពួកគេបានប្រើប្រាស់វាក្នុងការធ្វើសមយុទ្ធ។
កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ទីក្រុង Kyiv កំពុងប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារលើទីតាំងរបស់រុស្ស៊ីដែលបានពង្រឹងយ៉ាងរឹងមាំដែលកាលពីរដូវក្តៅមានការថយចុះនូវការវាយលុករបស់អ៊ុយក្រែន ។
អ៊ុយក្រែនបាន​បន្ថយ​ការ​វាយលុក​របស់រុស្សី​បាន​ដោយ​ជោគជ័យ​ហើយបាន ជីក​យក​​មីន​ប្រឆាំង​រថក្រោះ និង​ប្រឆាំង​មនុស្ស និង​ខ្សែ​ភ្លើង​ក្នុង​សមរភូមិជួរមុខ ចន្លោះ​ពី ៤,៨ គីឡូម៉ែត្រ និង​ជម្រៅ ១៦ គីឡូម៉ែត្រ គឺពី ៣ ទៅ ១០ ម៉ាយ។
មន្ត្រីយោធាអ៊ុយក្រែនម្នាក់បានប្រាប់អ្នកយកព័ត៌មានថា គ្រាប់បែកចង្កោមកំពុងត្រូវបានប្រើដើម្បីវាយ “បំបែក” លេណដ្ឋានកងទ័ពរុស្ស៊ី។


កាលពីថ្ងៃព្រហស្បតិ៍ អ្នកជំនាញនៅវិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី បាននិយាយថា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក មីខាអ៊ីឡូ ប៉ូដូលីក បាន “បញ្ជាក់ជាថ្មីថា ការវាយលុករបស់អ៊ុយក្រែននឹងមានសភាពយឺតហើយលំបាក ប៉ុន្តែអាចរារាំងកងកម្លាំងរុស្ស៊ីពីការវាយលុកលើសមរភូមីសាជាថ្មី” ។
សហរដ្ឋអាម៉េរិក និងអ៊ុយក្រែនបានរងការរិះគន់យ៉ាងខ្លាំងចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមនៅលើសមរភូមិ ដែលជាអាវុធត្រូវបានហាមឃាត់ដោយប្រទេសជាច្រើនពីព្រោះតែមានហានិភ័យរយៈពេលវែងដែលបង្កឲ្យមានផលប៉ះពាល់ដល់ជនស៊ីវិល។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយនៅដើមខែនេះថា រុស្ស៊ីបានប្រើប្រាស់គ្រាប់បែកចង្កោមពាសពេញសមរភូមិ បង្កឲ្យជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ ខណៈនោះផងដែមានជនស៊ីវិលចំនួន ៨ នាក់បានស្លាប់ និង ១៥ នាក់រងរបួសដោយសារការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែនដែលប្រើគ្រាប់បែកចង្កោមលើទីក្រុង Izyum ដែលជាតំបន់កាន់កាប់ដោយកងទ័ពរុស្ស៊ីកាលពីឆ្នាំ ២០២២ ។
ភ្នាក់ងាសិទ្ធិ​មនុស្ស​បាន​និយាយ​ថា ទាំង​ក្រុង​កៀវ និង​ក្រុង​មូស្គូ​គួរតែបញ្ឈប់ការ​ប្រើ​អាវុធ​ដែល​បាន​សម្លាប់​ជន​ស៊ីវិលស្លូតត្រង់។
អាវុធគ្រាប់បែកចង្កោមជាធម្មតាវាបំផ្ទុះចេញជាគ្រាប់បែកតូចៗជាច្រើនដែលអាចសម្លាប់ដោយមិនរើសមុខលើបរិវេណដ៏ទូលាយ ហើយគ្រាប់ដែលមិនបានផ្ទុះបង្កជាគ្រោះថ្នាក់ក្នុងរយៈពេលដ៏វែងក្រោយមក។
ក្រោយពីមានការបញ្ជាក់ថា សហរដ្ឋអាម៉រិកកំពុងផ្តល់អាវុធហាមឃាត់ដល់អ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា កងកម្លាំងរបស់លោកក៏នឹងប្រើប្រាស់គ្រាប់បែកចង្កោមផងដែរ ទោះបីជាអ្នកជំនាញយោធាជឿថា វិមានក្រឹមឡាំងបានប្រើគ្រាប់បែកចង្កោមប្រភេទនេះរួចទៅហើយនៅលើសមរភូមិ។
អ៊ុយក្រែនបានសន្យាថានឹងប្រើគ្រាប់បែកចង្កោមដើម្បីបំបែកការប្រមូលផ្តុំកងទ័ពរុស្ស៊ី ប៉ុន្តែភាគីនីមួយៗបានចោទប្រកាន់ភាគីម្ខាងទៀតថាបានប្រើប្រាស់គ្រាប់បែកចង្កោមរួចហើយនៅក្នុងជម្លោះ។
កាលពីថ្ងៃព្រហស្បតិ៍ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា នៅលើសមរភូមិជួរមុខក្បែរ Kupiansk ដែលជាស្ថានីយផ្លូវដែករបស់អ៊ុយក្រែនដែលទើបតែដណ្តើមបានមកវិញកាលពីខែមុននៅភាគខាងកើតនៃតំបន់ Kharvik របស់ប្រទេសនេះ មេបញ្ជាការអង្គភាពកាំភ្លើងធំអ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់គាត់បានទទួលគ្រាប់បែកចង្កោមថ្មីដែលអាចប្រើប្រាស់ក្នុងពេលឆាប់ៗនេះ៖ គឺ “ប្រហែលជាថ្ងៃនេះ ឬថ្ងៃស្អែក”។
ខណៈពេលដែលការប្រើប្រាស់គ្រាប់បែកចង្កោមជាការបំពានច្បាប់អន្តរជាតិ ការប្រើប្រាស់វាប្រឆាំងនឹងជនស៊ីវិលអាចជាការបំពានដែលអនុសញ្ញាបានហាមឃាត់មិនឲ្យប្រើប្រាស់ដែលមានប្រទេសជាង ១២០បានចូលរួម។ បណ្តាប្រទេសហត្ថលេខីបានព្រមព្រៀងគ្នាមិនប្រើប្រាស់ ផលិត ផ្ទេរ ឬស្តុកទុកអាវុធ និងបំផ្លាញអាវុធទាំងនោះនៅក្នុងស្តុក៕