សន្ដិសុខសង្គម

ដើមឈើរលំសង្កត់ផ្ទះប្រជាពល៣ខ្នងរងការខូចខាតផ្នែកដំបូលស្ទើរទាំងស្រុង

ដោយ៖សហការី

ខេត្តព្រះសីហនុ៖ភ្លៀងនិងខ្យល់កន្ត្រាក់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានបង្កឲ្យខេត្តព្រះសីហនុរងផលប៉ះពាល់ជាអន្លើ ដោយនៅល្ងាចថ្ងៃទី២០ កក្កដាឆ្នាំ ២០២៣នេះ ដើមឈើនៅក្នុងមន្ទីរពេទ្យបង្អែកចម្ការចេកបានដួលរលំសង្កត់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះចំនួន ៣ គ្រួសារបណ្តាលឲ្យរងការខូចខាតមធ្យម។

លោកឈាង រិទ្ធិយា ចៅសង្កាត់រងទី១ នៃសង្កាត់លេខ 4 ក្រុងព្រះសីហនុ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី ២០ ខែកក្កដាឆ្នាំ២០២៣ ស្ថិតក្នុងភូមិ៤ ការសង្កាត់លេខ៤ ខាងក្រោយមន្ទីរពេទ្យបង្អែកខេត្ត  ដើមឈើបានបាក់លើផ្ទះប្រជាពលរដ្ឋចំនួន៣ គ្រួសារ នៅវេលាម៉ោង៧ព្រឹក ដោយសារខ្យល់កន្ត្រាក់ ។

ប្រភពដែលបានបន្តថា៖ ក្រោយពីទទួលបានដំណឹងភ្លាមៗ ក្រុមការងារចម្រុះដែលមានសមត្ថភាពដូចជា៖

លោកប្រធាការិយាល័យសាធារណការក្រុង និងក្រុមការងារ តំណាងមន្ទីរកសិកម្មខេត្ត លោកប្រធាមន្ទីរពេទ្យបង្អែក និងក្រុមការងារ -ក្រុមការងារសង្កាត់លេខ៤ និងមន្ត្រីប៉ុស្តិ៍រដ្ឋបាលសង្កាត់ ក្រុមការងារអគ្គិសនីខេត្ត-ក្រុមហ៊ុនមិត្តចេង និងលោក អុំ ធា ឡានស្ទូច បានចុះទៅដល់ទីតាំងកើតហេតុនិងពិនិត្យឃើញថាផ្ទះប្រជាពលរដ្ឋចំនួន ៣ ខ្នងបានរងខូចខាតផ្នែកដំបូលខាងលើស្ទើរទាំងស្រុង​ដោយសារដើមឈើដែលមានទំហំធំរលំលើ តែសំណាងល្អពុំមានមនុស្សណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ ។

បន្ទាប់មកក្រុមការងារបានយករថយន្តស្ទូចនិងកាត់ដើមឈើចេញពីលើផ្ទះប្រជាពលរដ្ឋ និងបានធ្វើរបាយការណ៍ជូនថ្នាក់ក្រុងនិងខេត្ត៕