សន្ដិសុខសង្គម

ខឹងឪពុកស្តីបន្ទោស ចាប់ច្របាច់ករហូតដល់ស្លាប់ សមត្ថកិច្ចឃាត់ខ្លួន

ដោយ៖សហការី

កំពង់ស្ពឺ: បុរសជាកូនម្នាក់ខឹងឪពុកស្តីបន្ទោស បានចាប់ច្របាច់កឪពុករហូតដល់ស្លាប់ ត្រូវកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ឃាត់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិពោធិ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសាមគ្គីមុន្នីជ័យបានឱ្យដឹងថា៖ មានអំពើឃាតកម្មមួយបានកើតឡើង ដោយកូនបង្កើតបានច្របាច់កសម្លាប់ឪពុកបណ្តាលឱ្យ ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យជាកូនបង្កហេតុមានឈ្មោះ ហុក យន  អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ ឃុំកើតហេតុខាង រីឯជនរងគ្រោះឈ្មោះ ផ្លុង ហុក អាយុ៧០ឆ្នាំ រស់នៅជាមួយគ្នា។

នគរបាលស្រុកបានបន្ថែមទៀតថា នៅមុនពេលកើតហេតុ ឪពុកបានស្តីបន្ទោសកូន ដោយកូនប្រុសចិត្តខ្មៅទ្រាំមិនបាន បានចាប់ច្របាច់កឪពុករហូតដល់ស្លាប់តែម្តង ទើបសមត្ថកិច្ចឃាត់ខ្លួន។បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់សួរនាំនិងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕